ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំឮកកងទ័ព ត្រូវហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព សំដៅធានានូវសមត្ថភាពពេញលេញបម្រើជាតិឱ្យបានជោគជ័យ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រើនរំឮកកងទ័ព ត្រូវហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព សំដៅធានានូវសមត្ថភាពពេញលេញបម្រើជាតិឱ្យបានជោគជ័យ

កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានក្រើនរំឮកដល់យោធិនទាំងអស់ ត្រូវបន្តយកចិត្តទុកលើការហ្វឹកហាត់ផ្នែកកាយសិក្សាយោធា និងកីឡាផ្សេងៗឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងស្មារតី សុខភាព និងកាយសម្បទា សំដៅធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានជោគជ័យ។

 

ការក្រើនរំឮកបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ នៅសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ។

 

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទរាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងការទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើក ទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការរៀបចំក្នុងឆ្នាំ២០២៣នេះ ដែលធ្វើឡើងបន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងសូមវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួតចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ក្រុម មកពី ១៧ស្ថាប័ន-កងឯកភាព ព្រមជាមួយនឹងចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០រូប។

 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍។

 

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវការអបអរសាទរដល់ក្រុមកីទ្បាករ-កីទ្បាការិនីទាំងអស់មកពីបណ្តាកងឯកភាព និងស្ថាប័ននានាចំណុះអគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ព្រមទាំងក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីប្រកួតកីទ្បាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាតប៉ុលពត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការប្រកួតនេះក៏ជាការផ្តល់ឱកាសឱ្យក្រុមកីឡាករ-កីឡាការិនី ដែលមកពីបណ្តាស្ថាប័ន-កងឯកភាពផ្សេងៗគ្នា បានជួបជុំគ្នា ស្គាល់គ្នា និងស្វែងយល់ពីគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពតាមរយៈការចូលរួមលេងកីឡាជាមួយគ្នា រហូតក្លាយទៅជាបណ្តាញទំនាក់ទំនងមួយដែលរួបរួមគ្នាក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់ឱនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមកទោះក្នុងលក្ខណៈជាបុគ្គល ជាក្រុម ឬជាអង្គភាពក្តី៕

crt

Leave a Reply

Your email address will not be published.