ព័ត៌មានជាតិ

ក្រោយបទបញ្ជារបស់សម្តេចតេជោ, អភិបាលខេត្តក្រចេះ ប្រជុំដាក់ចេញពីវិធានការទប់ស្កាត់ និងពង្រឹងការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ

ក្រោយបទបញ្ជារបស់សម្តេចតេជោ, អភិបាលខេត្តក្រចេះ ប្រជុំដាក់ចេញពីវិធានការទប់ស្កាត់ និងពង្រឹងការពារអភិរក្សសត្វផ្សោតទន្លេមេគង្គ

(ក្រចេះ)៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាល​ខេត្ត​ក្រចេះ និងខេត្តស្ទឹងត្រែង បង្កើនការយក​ចិត្តទុក​ដាក់អភិរក្ស​សត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្មនោះឡើយ និងបានណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ដើម្បីអភិរក្សសត្វផ្សោត។

 

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់មានរបាយការណ៍ពីករណីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជ​ បានងាប់ជាបន្ទាប់ ដោយសារតែជាប់មង សន្ទូច និងបទល្មើសសនេសាទខុសច្បាប់មួយចំនួន នៅតំបន់សត្វផ្សោតទន្លេមេគង្គរស់នៅ។

 

ក្រោយទទួលបានបទបញ្ជានេះ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣នេះ អភិបាលខេត្តក្រចេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមន្ត្រីពាក់ព័ន្ធស្ដីពីវិធានការទប់ស្កាត់ និងពង្រឹងការពារអភិរក្សសត្វផ្សោតទន្លេមេគង្គឲ្យឋិតថេរគង់វង់ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមទប់ស្កាត និងបង្រ្គាបបទល្មើសនេសាទ ក្នុងតំបន់អភិរក្សសត្វផ្សោត។

 

ក្នុងពិធីប្រជុំនោះ មានការចូលរួមពីអភិបាលរងខេត្ត ស្ន​ងការន​គរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរទេសចរណ៍ខេត្ត នាយខណ្ឌរដ្ឋបាលជលផល អភិបាលស្រុកទាំង៣ (ស្រុកព្រៃប្រសព្វ ស្រុកចិត្តបុរី ស្រុកសំបូរ) អធិការនគរបាលស្រុកទាំង៣ រួមទាំងនាយប៉ុស្តិ៍ និងមេឃុំពាក់ព័ន្ធទាំងអស់ផងដែរ។

 

ក្នុងឱកាសនោះលោក វ៉ា ថន បានគូសបញ្ជាក់ថា «យើងជួបជុំគ្នាពេលនេះ គឹយើងត្រូវរៀបចំវិធានការទប់ស្កាត់ការពារអភិរក្សសត្វផ្សោតរបស់យើងដែលកំពុងរងនូវការជិតផុតពូជ ដោយសារការជាប់មង ការឆក់ត្រីពីសំណាក់អ្នកនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់នៅក្នុងដែនអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងខេត្តក្រចេះ ហើយកម្លាំងត្រូវចុះល្បាត ចាប់ពីចំណុចក្បាលកោះទ្រង់ឡើងទៅដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង»។

 

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៅកាន់លោកមេឃុំ/មេប៉ុស្តិ៍/អាជ្ញាធរដែនដី និងសន្តិសុខដែលរស់ក្នុងដែនអភិរក្សសត្វផ្សោត ដែលលោកស្គាល់ និងដឹងច្បាស់ជាងអាជ្ញាធរខេត្ត ដូច្នេះហើយ សូមចុះសាវជ្រាវ និងណែនាំពន្យល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ជាពិសេសបងបងប្អូនដែលមានមុខរបរជាប្រជានេសាទសូមបញ្ឈប់ជាបន្តនូវការនេសាទត្រី ដោយប្រើឧបករណ៍ខុសច្បាប់ទាំងឡាយណា ដែលច្បាប់ហាមឃាត់ ជាពិសេសឧបករណ៍ឆក់ ដែលជាហេតុបណ្ដាលឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត ដែលកំពុងរងនូវគំរាមកំហែង ដោយសារបងប្អូនប្រជានេសាទនៅតែប្រើប្រាស់ឧបករណ៍ឆក់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «បើកាលណាបើយើងការពារអភិរក្សសត្វផ្សោតមិនបានទេនោះ ចំនួនភ្ញៀវទេសចរណ៍ជាតិ/អន្តរជាតិ ដែលមានបំណងចូលមកលេងកម្សាន្តទស្សនាក្នុងខេត្តក្រចេះ នឹងមានការថយចុះផងដែរ ព្រោះថាភ្ញៀវទេសចរដែលមានបំណង់ចូលមកកាន់ខេត្តក្រចេះយើង គឺផ្តោតទៅធំជាងគេនោះ គឺចង់ទៅទស្សនាសត្វផ្សោតទឹកសាបក្នុងខេត្តក្រចេះ ដែលជាសត្វដ៏កម្រ និងជិតផុតពូជ នៅក្នុងពិភពលោកយើងផងដែរ។ សម្រាប់ប្រទេសកម្ពុជាយើង គឺមានតែនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរក្សា ការពារ និងអភិរក្សពូជសត្វផ្សោត បានគង់វង្សនឹងធ្វើឱ្យប្រជាជនរស់នៅតំបន់ដែលសត្វផ្សោតទទួលផលប្រយោជន៍យ៉ាងខ្លាំងពីចំណូលពីភ្ញៀវទេសចរ។ ដូច្នេះ ប្រសិនបើបណ្តោយឱ្យអ្នកនេសាទចូលនេសាទ តំបន់សត្វផ្សោតរស់នៅ គឺទទួលផលតែអ្នកនេសាទ ប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែ វាបានបំផ្លាញ និងធ្វើឱ្យខូចខាតតំបន់ដែលត្រូវអភិរក្សសត្វផ្សោត។ «អ៊ឹចឹងតំបន់តាំងពីព្រំដែនឡាវ រហូតចុះមកដល់ខេត្តក្រចេះនេះ ត្រូវតែជាតំបន់ដែលត្រូវប្រុងប្រយ័ត្ន ត្រូវតែយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុតទៅលើការការពារលើតំបន់នេះ!»។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមអភិរក្ស ដោយមិនត្រូវចូលនេសាទនៅតំបន់ដែលមានការហាមឃាត់នោះទេ ប៉ុន្តែ ដើម្បីឱ្យបានច្បាស់លាស់ ត្រូវតែបោះពោង ដោយបោះយុទ្ធថ្កា និងដាក់ផ្ទាំងសូឡា ដើម្បីបំភ្លឺក្នុងតំបន់អភិរក្សសត្វផ្សោតតែម្តង ដើម្បីធានាការពារសត្វផ្សោតនេះជាដើម។

 

សូមជម្រាបថា អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ថា WWF បានប្រកាសអាសន្នអំពីការងាប់ជាបន្តបន្ទាប់ នៃសត្វផ្សោតទន្លេមេគង្គ នៅកម្ពុជា ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតងាប់កើនឡើងរហូតដល់ទៅ១១ក្បាលទៅហើយ។ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ក្បាល»៕

crt

Leave a Reply

Your email address will not be published.