ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ, ការធ្វើបែបនេះព្រោះធុញទ្រាន់នឹងបរទេសមួយចំនួនយកបញ្ហាសញ្ជាតិស្នើសុំលើវិធានការច្បាប់ចំពោះអ្នកមានទោស

សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ, ការធ្វើបែបនេះព្រោះធុញទ្រាន់នឹងបរទេសមួយចំនួនយកបញ្ហាសញ្ជាតិស្នើសុំលើវិធានការច្បាប់ចំពោះអ្នកមានទោស

(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ធ្វើច្បាប់ ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោស ហើយមានសញ្ជាតិដទៃ។

ការបង្ហាញបំណងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់អគ្គរដ្ឋទូតប្រទេសមួយ ដោយសារតែគេចូលនិយាយថា អ្នកនាំមានសញ្ជាតិនេះ សញ្ជាតិនោះ ត្រូវទទួលការប្តឹងផ្តល់ ឬជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូចនេះ ខ្ញុំក៏ត្រូវគិតដែរ អំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយម្តងឱ្យវាពិបាក…! ដល់ពេលវាជាប់ទោសអគ្គរដ្ឋទូតថា អាហ្នឹងជាសញ្ជាតិរបស់អ្នកនោះ បើអ៊ឹចឹងទេយើង បញ្ចប់តែម្តងអ្នកធ្វើនយោបាយទាំងឡាយ គឺសញ្ជាតិខ្មែរទាំងអស់»។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅកាន់មិត្តភក្តិបរទេសទាំងឡាយ ត្រូវយល់ឱ្យច្បាស់ បើសិនជាបន្តនិយាយតទៅទៀតអំពីបញ្ហារឿងសញ្ជាតិរបស់ប្រជាពលរដ្ឋកម្ពុជា។

«អីឡូវប្រជាពលរដ្ឋអ្នកឯងមកជាប់គុកស្រុកខ្មែរ មកធ្វើនយោបាយស្រុកខ្មែរ ចាំធ្វើពលរដ្ឋអ្នកឯងនៅស្រុកអ្នកឯងទៅ មកដល់កម្ពុជា គឺជាពលរដ្ឋកម្ពុជា មិនអាវឱ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា ក៏នឹងពិចារណាតទៅទៀតនៅក្នុងនៅក្នុងច្បាប់ធម្មនុញ្ញ តម្រូវឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយត្រូវមានសញ្ជាតិតែមួយ ការពិចារណាបែបនេះ គឺដើម្បីកុំឱ្យបរទេសបណ្តុះបណ្តាលអ្នកនយោបាយដែលមានសញ្ជាតិ២ មកលូកលាន់កិច្ចការនយោបាយនៅកម្ពុជា ជាពិសេសមកលូកលាន់ក្នុងការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានប្រទេសចំនួនប៉ុន្មានដែលអនុញ្ញាតឱ្យអ្នកមានសញ្ជាតិ២ ធ្វើសកម្មភាពនយោបាយ?។ សម្រាប់កម្ពុជា បច្ចុប្បន្ននេះ គឺកម្ពុជា ហាមឃាត់មនុស្សចំនួន ១៣នាក់ទេ ឱ្យមានសញ្ជាតិតែមួយគឺ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប, តំណែងប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ប៉ុន្តែ បើអ្នកឯងនៅតែសាំតាប៉ែ អានេះសញ្ជាតិខ្ញុំ ខ្ញុំនឹងពិនិត្យមើល គណបក្សប្រជាជននៅមានលទ្ធភាព ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុញ្ជាតិមួយសម្រាប់អ្នកធ្វើនយោបាយនៅស្រុកខ្មែរ ដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលវាពាក់ព័ន្ធ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏មានសញ្ជាតិ២ផងដែរ ប៉ុន្តែ មន្ត្រីរបស់គណបក្សប្រជាជនអាចលះបង់នូវសញ្ជាតិបរទេសបាន ដើម្បីដោះស្រាយការលំបាកមួយចំនួនដែលបរទេសតែងតែយកបញ្ហាសញ្ជាតិនេះមិនលូកលាន់បញ្ហានយោបាយនៅកម្ពុជា៕

crt

Leave a Reply

Your email address will not be published.