ព័ត៌មានជាតិ

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជំរុញភ្នាក់ងារសន្ដិសុខឯកជន សហការផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសជូនសមត្ថកិច្ចជំនាញ និងចូលរួមអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព»

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជំរុញភ្នាក់ងារសន្ដិសុខឯកជន សហការផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសជូនសមត្ថកិច្ចជំនាញ និងចូលរួមអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព»

ភ្នំពេញ)៖ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកជាកម្លាំងជំនួយដ៏សំខាន់ដល់កងកម្លាំងមានសមត្ថកិច្ច ដើម្បីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម។

 

ដោយមើលឃើញពីលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានជំរុញដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅផ្សេងៗ ត្រូវចូលរួមសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពើល្មើសច្បាប់ ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឬកម្លាំងជំនាញ ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។

 

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់បង្ក្រាបបទល្មើសល្បែងស៊ីសង តាមអនឡាញ និងការជួញដូរមនុស្ស ជួញដូរពលកម្ម គ្រប់ទម្រង់ ហេតុនេះក៏សូមឲ្យកម្លាំងភ្នាក់ងារសន្តិសុខឯកជន ដែលនៅគោលដៅសង្ស័យថា វាជាបទល្មើសទាំងនេះ ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ពិសេសសមត្ថកិច្ចជំនាញ»។

 

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ដែលគោលនយោបាយនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ-ឃុំសង្កាត់ របស់យើងមានសន្តិសុខ សុវត្ថិភាព ពិសេស គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។

 

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនរូបនេះ បានគូសបញ្ជាក់ថា ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» គឺត្រូវ ផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង។ លោកលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា»។

 

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណ និងសង្គម។

 

គួរជម្រាបថា រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន បានចំនួន៤៥លើក ដែលស្មើនឹងសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជន ប្រមាណជាង៧,០០០នាក់៕

 

 

 

crt

Leave a Reply

Your email address will not be published.