ព័ត៌មានជាតិ

គ.ជ.ប៖ គណបក្សនយោបាយចំនួន៣ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី

ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំង៣ បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន៣ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

 

គ.ជ.ប បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

គណបក្សនយោបាយទាំង៣ រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា

ទី២៖ គណបក្សភ្លើងទៀន

និងទី៣៖ គណបក្សហ៊្វុនស៊ិនប៉ិច

អនុលោមតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យ សម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។

 

ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤១ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕

crt

Leave a Reply

Your email address will not be published.