ព័ត៌មានជាតិ

ស្អែកនេះ គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន

ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នឹងផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។

មហាសន្និបាត នឹងប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណខ្ទង់ពាន់នាក់។

 

បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, គឺរយៈពេល២ថ្ងៃនេះ នឹងមានរបៀបវារៈមួយចំនួន។ លោកថា នៅថ្ងៃដំបូង នឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញ ដែលថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន, ការអានរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចពិភាក្សាមួយចំនួន។

 

ចំណែករបៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងមានមតិបូកសរុប និងការណែនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម។

 

ក្រោយបញ្ចប់កម្មវិធី ក៏នឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃ មហាសន្និបាតវិសាមញ្ញនេះផងដែរ។

 

បើតាម សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញនេះ ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក រហូតដល់ថ្នាក់កំពូល ដើម្បីផ្ដល់មតិទៅលើទិសដៅដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។

 

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងអំណាចរយៈពេល៦អាណត្តិមកហើយ។ គណបក្សនេះបន្តទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាន ៩,៣៧៦អាសនៈ ដែលដឹកនាំឃុំសង្កាត់ចំនួន ១៦៤៨ឃុំ/សង្កាត់ ក្នុងចំណោម១៦៥២ នៅទូទាំងប្រទេស៕

crt

Leave a Reply

Your email address will not be published.