ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌

(កំពង់ធំ)៖ ដោយឃើញពីសកម្មភាពមមាញឹកក្នុងការបម្រើ និងដោះស្រាយការលំបាកជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តំណាងនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌បម្រើប្រជាជន និងអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ។

 

អំណោយទាំងនោះ រួមមាន៖ អង្ករចំនួន៥តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស ទឹកត្រីចំនួន៣០០យួរ និងទឹកស៊ីអ៉ីវចំនួន៣០០យួរ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជានិច្ចកាលបានផ្ដល់នូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្សធម៌ ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តនាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគទាំងនេះ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា ឱ្យបានទាន់ពេលវេលា ដើម្បីសម្រាលដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

 

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពជូនពរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

crt

Leave a Reply

Your email address will not be published.