ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បន្តចុះពិនិត្យហាងបញ្ចាំនៅខណ្ឌទួលគោក ដើម្បីញែកទីតាំងស្របច្បាប់ និងខុសច្បាប់, ទីតាំងទទួលបញ្ចាំរបស់ចោរទាំងអស់ ត្រូវតែបង្ក្រាប មិនមានការយោគយល់នោះឡើយ

ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យហាងបញ្ចាំនៅខណ្ឌទួលគោក ដើម្បីញែកទីតាំងស្របច្បាប់ និងខុសច្បាប់​ ហើយទីតាំងទទួលបញ្ចាំរបស់ចោរទាំងអស់ ត្រូវតែបង្ក្រាប មិនមានការយោគយល់នោះឡើយ។

 

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សម្រាប់ប្រតិបត្តិការនេះ គឺយើង (អាជ្ញាធរ) ធ្វើរឿងចាស់ គឺយើងត្រូវធ្វើបន្តដោយសារតែមានសាធារណមតិមួយចំនួន បានដាក់សំណួរមកថា ក្តុងក្តាំងៗ បែរជាស្ងាត់ជ្រាបប្រហែលជាត្រូវថ្នាំរបស់ថៅកែកុងស៉ីហើយ ខ្ញុំបានស្បថតាំងពីដើមកហើយ ក្នុងនាមអភិបាលរាជធានីភ្នំពេញ និងជាអភិបាលរងទទួលបន្ទុកកិច្ចការនេះ ខ្ញុំមិនស៉ីញើសឈាមរបស់ប្រជាជនទេ អ៊ឹចឹងយើងត្រូវរកយន្តការ បញ្ហាប្រចាំញែកជា២»។

 

លោក ឃ្លាំង ហួត បានលើកឡើងថា កន្លែងកុងស៉ីបញ្ចាំងដែលត្រូវច្បាប់ យើងត្រូវលើកទឹកចិត្ត កន្លែងដែលមិនត្រូវច្បាប់ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងវិន័យដែលមាននិយ័តករ ដែលទទួលលើរឿងនេះ។ ដូច្នេះមិនមែនន័យថា អ្នករកស៉ីបញ្ចាំគឺអាក្រក់ទាំងអស់នោះទេ អ្នកដែលរកស៉ីស្របច្បាប់គេបង់ដារជូនរដ្ឋត្រឹមត្រូវ។

 

អភិបាលរងរាជធានីភ្នំពេញ បានបន្តថា នៅលើពិភពលោកនេះ មានប្រទេសជាច្រើនបានរកស៉ីរឿងបញ្ចាំជាដើម ក៏ប៉ុន្តែ ធ្វើតាមច្បាប់ដែលបានកំណត់។ ដោយឡែកសម្រាប់កម្ពុជា ក៏មានច្បាប់សម្រាប់គ្រប់គ្រងលើមុខរបរបញ្ចាំនេះ ប៉ុន្តែនៅមានបុគ្គលមួយចំនួនមិនគោរពច្បាប់ ដែលធ្វើឱ្យស្អុយដល់អ្នករកស៉ីត្រឹមត្រូវ ដូច្នេះយើងត្រូវញែកឱ្យច្បាស់ ដើម្បីលើកទឹកចិត្តដល់អ្នករកស៉ីត្រឹមត្រូវ។

 

បន្ថែមពីនេះ លោកបានថ្លែងថា អ្នករកស៉ីមិនស្របច្បាប់ គឺលួចទទួលបញ្ចាំរបស់ចោរ គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដោយបិទអាជីវកម្ម មិនត្រូវឱ្យឡូកឡំជាមួយអ្នករកស៉ីតាមច្បាប់ជាដាច់ខាត។

 

លោកបានបន្ថែមថា បញ្ហារកស៉ីទទួលបញ្ចាំមិនត្រឹមត្រូវ គឺជាប្រភពមួយកើតឱ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ដែលមានជនរងគ្រោះច្រើនណាស់ ចំពោះករណីនេះ ដូច្នេះត្រូវទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការប្តេជ្ញាចិត្តរបស់អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការទូទាំងរាជធានីភ្នំពេញទាំងអស់ ប្រយុទ្ធប្រឆាំងជាដាច់ខាតតែម្តង។

 

ជាចុងក្រោយអភិបាលរងរាជធានីភ្នំពេញ បានផ្ដាំផ្ញើទៅដល់ហាងបញ្ចាំកុងស៊ី​ទាំងអស់ថា បើរកស៉ីស្របច្បាប់ត្រូវតែបំពេញនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ បើរកស៉ីមិនត្រូវច្បាប់​ ត្រូវត្រៀមខ្លួន ហើយបើកន្លែងដែលទទួលរបស់ចោរ ទៀតនោះ​ គឺមិនមានការលើកលែងឡើយ អាជ្ញាធរនឹងចុះបង្ក្រាបឲ្យខានតែបាន។

 

គួរជម្រាបថា ក្នុងប្រតិបត្តិការពិនិត្យទីតាំងសង្ស័យបញ្ចាំដោយខុសច្បាប់នេះនាពេលកន្លងទៅ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ហើយបានយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់។ ដោយឡែកម៉ូតូមួយចំនួន ត្រូវបានប្រគល់ជូនម្ចាស់ម៉ូតូវិញ ក្រោយបង្ហាញឯកសារត្រឹមត្រូវហើយនោះ៕

 

crt

Leave a Reply

Your email address will not be published.