ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនស្ត្រីមេតុងទីន ដែលបោកលុយគេខ្ទង់ម៉ឺនដុល្លារ ទៅតុលាការដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់

សមត្ថកិច្ចបញ្ជូនស្ត្រីមេតុងទីន ដែលបោកលុយគេខ្ទង់ម៉ឺនដុល្លារ ទៅតុលាការដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់

ភ្នំពេញ)៖ មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី (ឈ្មោះក្នុងហ្វេសប៊ុក ម៉ាក់សក្កិសក្កិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចនាំមកអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើពាក្យបណ្ដឹងជាច្រើនរបស់កូនតុងទីនផ្សេងទៀត ដែលបានប្ដឹងមេតុងទីនរូបនេះ លើករណីឆបោកប្រាក់តុងទីនយ៉ាងសន្ធឹកសន្ធាប់។

ស្ត្រីមេតុងទីនដែលបោកលុយគេខ្ទង់ម៉ឺនដុល្លារ ត្រូវបានតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារ PJ តាមដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទស ធ្វើការចាប់ខ្លួនតាមដីការបញ្ជាឲ្យចូលខ្លួនលេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការ មេតុងទីនរូបនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ ។

គិតមកទល់បច្ចុប្បន្ននេះ មេតុងទីនឈ្មោះ ឡុង រ៉ានី និងប្ដីឈ្មោះ គឹម ខេមរឹទ្ធ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងព្រហ្មទណ្ឌប្រមាណជា ១០បណ្ដឹង ដែលមានកូនតុងទីនជាច្រើននាក់ ធ្វើការប្ដឹងចោទប្រកាន់មកលើមេតុងទីនរូបនេះ និងប្ដី អំពីករណីឆបោកប្រាក់តុងទីន។

ករណីឆបោក តាមរយៈការលេងតុងទីននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ក្លាយខ្លួនជាជនរងគ្រោះ ទទួលរងនូវការខាតបង់ប្រាក់កាសអស់ពីខ្លួន ដោយសារតែមានការជឿទុកចិត្ត ទៅលើមេតុងទីន ដែលតែងតែសំញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្ដល់ការធានាលើការបង្ខិលប្រាក់ជូនកូនតុងទីនវិញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧) ៦០០(៦) ៥០០(៦)(ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប៣២៧,១៦០ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន២២៩,៦៦០ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត។

ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ក្នុងមូលប្បទានបត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានបត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។

ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះ ដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបន្តបន្ទាប់ទៀតផងដែរ៕

crt

Leave a Reply

Your email address will not be published.