ព័ត៌មានជាតិ

ក្រសួងការងារ បង្ហាញវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

ក្រសួងការងារ បង្ហាញវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

 

ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាង ភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

 

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញគូភាគីវិវាទក្រុមហ៊ុន ណាហ្គាវើលដ៍ មកជួបប្រជុំដោះស្រាយ ជាលើកទី២៤ ដោយមាន លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ។

 

តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, លោកស្រី ហៃ សុភាព និងលោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

 

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។

 

ជាថ្មីម្តងទៀត ក្រសួងការងារ បានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

crt

Leave a Reply

Your email address will not be published.