ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រធានរដ្ឋឡាវ នឹងអញ្ជើញមកចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ នឹងអញ្ជើញមកចូលរួមការប្រកួតស៊ីហ្គេមនៅក្នុងប្រទេសកម្ពុជា អមជាមួយនឹងទស្សនកិច្ច ខាងមុខនេះ។

 

សម្តេចតេជោ បានអញ្ជើញ លោក ថងលុន ស៊ីសូលីត អំឡុងពេលជួបពិភាក្សាជាមួយមេដឹកនាំឡាវរូបនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រាដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រក្នុងប្រទេសឡាវ។

 

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានបង្ហើបអំពីការអញ្ជើញមេដឹកនាំឡាវ និងវៀតណាម មកចូលរួមស៊ីហ្គេមនៅកម្ពុជា ដោយប្រធានាធិបតីឡាវ បានឯកភាពហើយ ចំណែកនាយករដ្ឋមន្ត្រីវៀតណាម នឹងពិនិត្យពេលវេលា។

 

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែយ៉ាងហោចណាស់ គឺប្រធានាធិបតីឡាវ គាត់នឹងមកទស្សនកិច្ចផ្លូវការផង ហើយនឹងចូលរួមស៊ីហ្គេម ព្រោះកាលពីពេលគាត់ធ្វើស៊ីហ្គេម ខ្ញុំបានទៅចូលរួមបើកស៊ីហ្គេម»។

 

សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះគណៈកម្មការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ដោយសម្តេបានកោតសរសើរ សម្តេចពិជ័យសេនា ទៀ បាញ់, លោក ថោង ខុន លោក វ៉ាត់ ចំរើន ដែលបានខិតខំរៀបចំការប្រកួតស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះ ហើយដែលកម្ពុជាអាចចំណាចខ្ទង់១២០លានដុល្លារ ដើម្បីរៀបចំដំណើរការការប្រកួតស៊ីហ្គេមមួយ ​ដោយមិនគិតបញ្ចូលទាំងការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនោះឡើយ។

 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់តែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ( 12th ASEAN Para Game ) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

 

crt

Leave a Reply

Your email address will not be published.