ព័ត៌មានជាតិ

ចាស់​ក្មេង​ប្រុស​ស្រី​គ្មាន​កន្លែង​រស់នៅ​ប្រមាណ​៣០០​នាក់ ក្រាញននៀល​ឲ្យ ខឹ​ម វាសនា ចិញ្ចឹម ​ខណៈ​លង់​នឹង​ការ​គាំទ្រ

ខេត្តសៀមរាប ៖ គិត​ត្រឹម​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២៣ មនុស្ស​ចាស់​ក្មេង ប្រុស​ស្រី​ប្រមាណ​ជា​៣០០​នាក់​កំពុង​បន្ត​ក្រាញននៀល​ឱ្យ​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស LDP ចិញ្ចឹម​នៅ​ក្នុង​បរិវេណ​ដីចម្ការ​១២​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជើងភ្នំ​គូលែន ក្នុងភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខណៈ​ពួក​គេ​អស់​ការងារ​ធ្វើ អស់​ដីធ្លី និង​ផ្ទះសម្បែង ដោយសារ​លង់​នឹង​ការ​គាំទ្រ​លោក ខឹ​ម វាសនា ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា លោក ខឹ​ម វាសនា ប្រធាន​គណបក្ស LDP តែង​បាន​ចេញចូល​ក្នុង​ចម្ការ​ជាមួយ​អ្នក​ជំនិត​របស់​លោក ដោយ​បើករថយន្ត​២​គ្រឿង ចេញ ចូល​ដោយ​សេរី និង​ធ្វើ​ឱ្យ​កម្លាំង​នគរបាល​យើង​ពិបាក​ក្នុង​ការ​គ្រប់គ្រង ខណៈ​ថ្នាក់ដឹកនាំ គ្មាន​វិធានការ​ចាត់ការ​ទៅ​លើ​មេ​បក្ស​ជួង និង​មនុស្ស​ជំនិត​សោះឡើយ ក្នុង​ការ​ចាត់វិធានការ​បិទ​ចម្ការ​នេះ ។ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​នគរបាល​បាន​ចូល​ទៅ​ធ្វើ​ស្ថិតិ​សា​ជា​ថ្មី ប៉ុន្តែ​លោក នី ចាន់​ពិនិត្យ តំណាង​គណបក្ស​LDP ដែល​តែងតែ​ចេញ​មុខ​សហការ​ជាមួយ​សមត្ថកិច្ច មិន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ទេ និង​បានឱ្យ​ប្រជាពលរដ្ឋ​លាក់ខ្លួន​ទៀត​ផង ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​លួច​ចូល​តាម​របង​ផ្លូវ​ក្រោយ កម្លាំង​យើង​បាន​ចុះ​ត្រួតពិនិត្យ​ឃើញ​មាន​ដានជើង​លូន​ចូល​តាម​របងចម្ការ ដោយ​មាន​លាក់​ផ្លែ​ឈើ​មួយ​ចំនួន ប៉ុន្តែ​គ្មាន​ឃើញ​អង្ករ និង​បន្លែ ត្រី សាច់​អ្វី​ឡើយ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​នៅ​តែ​ប្រកាន់​ជំហរ​ថា ចំពោះ​ពលរដ្ឋ​ដែល​ចេញពី​ចម្ការ​ហើយ មិន​អាច​ចូល​វិញ​បាន​ឡើយ លើកលែងតែ​មេ​បក្ស LDP និង​លោក នី ចាន់​ពិនិត្យ ប៉ុណ្ណោះ​ដែល​អាច​ចេញ​-​ចូល​សេរី ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ថែម​ថា ប្រជាពលរដ្ឋ ដែល​បន្ត​ប្រមូលផ្តុំ​ជួបជុំ​គ្នា​នៅ​ក្នុង​ដីចម្ការ​ម្រេច​១២​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​ឆ្នាំ​២០២៣​នេះ នៅ​សល់​ប្រមាណ​៣០០​នាក់​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ នេះ​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច ។ ចំពោះ​សមត្ថកិច្ច​វិញ​បាន​និយាយ​ថា វិធានការ​នានា​គឺ​នៅ​តែ​បន្ត​នៅ​តែ​យាមកាម ជុំវិញ​បរិវេណ​ដីចម្ការ​ម្រេច​១២​ហិ​កតា​ដដែល នៅ​តែ​បន្ត​សម្របសម្រួល និង​ត្រៀមលក្ខណៈ​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ ។
ឯការ​ពិនិត្យ​សុខភាព និង​ផ្តល់​ស្បៀងអាហារ​ដោយ​ឥត​គិតថ្លៃ ។ ជាមួយ​គ្នា​នេះ​បន្ត​សម្របសម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​តាម​មក​រក​សាច់ញាតិ​នៅ​ក្នុង​ដីចម្ការ​១២​ហិ​កតា​នេះ​ដដែល និង​បន្ត​ទទួល​ពាក្យបណ្តឹង​ស្រាវជ្រាវ​អំពី​បទល្មើស​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រមូលផ្តុំ​គ្នា​នេះ ។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ផែនការ តាមដាន​ក្តាប់​សភាពការណ៍ និង​អនុវត្តន៍​វិធានការ​ផ្សេង​ៗ ប្រកបដោយ​ភាព​ទន់ភ្លន់ ម៉ឺងម៉ាត់ ហើយ​ត្រៀមលក្ខណៈ​ជា​ស្រេច​សម្រាប់​គ្រប់គ្រង​សិ្ថ​តិ​ប្រជាពលរដ្ឋ និង​ជា​ពិសេស​សកម្មជន​គណបក្ស LDP ដែល​ពុំ​ទាន់​សម្រេចចិត្ត​រៀបចំ​ចាក​ចេញពី​ដីចម្ការ​ម្រេច​១២​ហិ​កតា តាម​ការ​កំណត់ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​០០​នាទី​ជា​កំហិត តាម​កិច្ចសន្យា​របស់​លោក នី ចាន់​ពិនិត្យ តំណាង​គណបក្ស LDP នៅឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ដីចម្ការ​ម្រេច​១២​ហិ​កតា ដែល​មាន​ចំនួន​១៥០០០​នាក់​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បច្ចុប្បន្ន​នៅ​សល់​ចាស់​ក្មេង ប្រុស​ស្រី​ប្រមាណ​ជា​៣០០​នាក់​ប៉ុណ្ណោះ ដែល​ក្រាញននៀល​ព្រោះ​អស់​ការងារ​ធ្វើ អស់​ផ្ទះសម្បែង​ស្នាក់​នៅ ខ្លះមក​តាម​បណ្តា​ខេត្ត ខ្លះមក​ពី​ក្រៅប្រទេស មិន​ហ៊ាន​ចូល​ស្រុក ឬ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ទើប​សុខចិត្ត​ក្រាញននៀល​ដេកស៊ី​ឱ្យ​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស LDP​ចិញ្ចឹម ។ ទោះបីជា​បែប​ណា ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ដីចម្ការ​១២​ហិ​កតា ពុំ​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ ក្នុង​នោះ​មិន​មាន​ហិង្សា​ឬ​បង្ក​អនាធិបតេយ្យ​អ្វី​ឡើយ ៕

crt

Leave a Reply

Your email address will not be published.