ព័ត៌មានជាតិ

ស្ថាប័ន:អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ

ស្ថាប័ន:អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ

 

រាជធានីភ្នំពេញ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសអំពីសាលក្រមផ្តន្ទាទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

 

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្រោយពីបានធ្វើសវនាការ​ពិភាក្សាដេញដោលចំនួន ៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ​នៃសាលាដំបូងរាជ​ធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្តីដូចខាងក្រោម៖

 

១៖ ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ (ម្ភៃប្រាំពីរ) ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេស​កម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

 

២៖ ផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។

 

៣៖ ដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយ​ត្រូវ​គោរពកាតព្វកិច្ចមួយចំនួនដូចខាងក្រោម៖

 

មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

 

មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។

 

កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអានុភាពអនុវត្ត ភ្លាម ចាប់ពីថ្ងៃប្រកាសសាលក្រមនេះរហូតដល់ពេលសាលក្រមចូលជាស្ថាពរ។

 

៤៖ បង្គាប់ឱ្យកងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់សិទ្ធិអំណាច និង​តួនាទីរបស់ខ្លួន ក្នុងឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាអនុវត្តនូវវិធានការត្រួត​ពិនិត្យ​តាមផ្លូវតុលាការ ដូចកំណត់ក្នុងចំណុចទី៣ នៃសេចក្តីសម្រេចខាងលើនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញានអយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ។

 

៥៖ ក្នុងករណីដែលមានការបំពាននូវកាតព្វកិច្ចនៃវិធានការ​ត្រួតពិនិត្យតាមផ្លូវ​តុលា​ការ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវស្នើសុំជាបន្ទាន់ទៅ​តុលា​ការ​មាន​សមត្ថកិច្ច​ឱ្យចេញនូវវិធានការឃុំខ្លួនជាបណ្តោះអាសន្នលើជន​ជាប់ចោទ។

 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់អំពីចំណុច​សំខាន់ៗ ដែលមានមូលដ្ឋានក្នុងសាលក្រមមួយចំនួនដូចខាងក្រោមផងដែរ៖

 

ទី១៖ ការជំរុញ និងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនមែនជា​អំពើ​ខុសច្បាប់នោះឡើយ ហើយសកម្មភាពនេះ ​ត្រូវបានធានាការពារដោយរដ្ឋ​ធម្ម​នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែតុលាការបានរកឃើញថា ការជំរុញ និងការ​លើក​​កម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងដោយមានការ​ជួយ​ជ្រោមជ្រែង ឃុបឃិតត្រូវរ៉ូវគ្នាក្នុងផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយប្រើប្រាស់កម្លាំង​មហាជន ឬធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំដូចនៅរដ្ឋ «ខ» និងរដ្ឋ «គ» គឺជាអំពើខុស​ច្បាប់ ដែលអំពើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទាំងមូល។ ក្នុងជនជាប់ចោទ បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាលេស ឬជាឈ្នាន់ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ សំដៅធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោម​ការឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬ ភ្នាក់ងារបរទេស។

 

ទី២៖ តាមសំណើរបស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹងរដ្ឋប្បវេណី តុលាការ​ពុំមានសរសរឈ្មោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស នៅក្នុងសាលក្រម​របស់​ខ្លួនឡើយ​។ តុលាការសម្រេចប្រើប្រាស់អក្សរតាងចំពោះរដ្ឋបរទេស ឬភ្នាក់ងារបរទេស តាម​សំណើ​រ​បស់មេធាវីរាជរដ្ឋាភិបាលតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីធានាឱ្យបាននូវ​ទំនាក់​ទំនងល្អ និងផលប្រយោជន៍ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចការ​ទំនាក់​ទំនងអន្តរជាតិជាមួយរដ្ឋបរទេស។

 

ជាមួយគ្នា ដើម្បីធានាឱ្យបាននូវទំនាក់ទំនងល្អនិងផលប្រយោជន៍ជាតិ​នៃព្រះរាជា​ណា​ចក្រកម្ពុជា នៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ និងដោយចៀសវាងឱ្យបាននូវ​ការ​ធ្លាយ​​ចេញនូវ​ឯកសារជាតារាងអក្សរតាងជំនួសការហៅឈ្មោះរដ្ឋបរទេសកំណត់ និង​ដាក់ឯកសារនេះ ជាឯកសារសម្ងាត់ដែលមិនត្រូវទម្លាយជាសាធារណៈនោះឡើយ។ ផ្អែកលើមូលដ្ឋាននេះ ជនណា ឬភាគីណាមួយដែលធ្វើឱ្យធ្លាយចេញឯកសារនេះ​ជាសាធារណៈមានទោស ដោយយោងតាមក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រ​កម្ពុជា។

 

ទី៣៖ តុលាការបានសម្រេច មិនឃុំខ្លួនជនជាប់ចោទ តាមមាត្រា៣៥៣ នៃក្រមនីតិ​វិធី​​ព្រហ្ម​ទណ្ឌ ដែលតំណាងអយ្យការបានស្នើសុំ ប៉ុន្តែដើម្បីធានារក្សាជនជាប់ចោទទុក​ជូន​តុ​លាការចាត់​ការតាមនីតិវិធីច្បាប់តុលាការបានសម្រេចដាក់ចេញនូវវិធាន​ការចាំ​បាច់​មួយចំនួន ជំនួសឱ្យការឃុំខ្លួនដែលមាន​ដូចជា៖​

 

១៖​ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត​ពី​ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

 

២៖ មិនត្រូវជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬដោយ​ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ​អនុញ្ញាត​ពីព្រះរាជអាជ្ញានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើ​តម្រូវការចាំបាច់តែប៉ុណ្ណោះ៕

 

crt

Leave a Reply

Your email address will not be published.