ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មានពិតត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះយ៉ាងសំខាន់

ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះយ៉ាងសំខាន់។

 

លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ជាសិទ្ធិ អ្នកណាក៏អាចធ្វើជាអ្នកកាសែត ឬបួសជាសង្ឃបានដែរ តែពេលបានហើយត្រូវតែអនុវត្តន៍ឲ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន។ ដូចនេះអ្នកកាសែតគ្រប់រូប ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រមសីលធម៌វិជ្ជាជីវៈ»។

 

លោកបន្ដថា ស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបក្រសួងព័ត៌មានរៀបចំធ្វើសិក្ខាសាលាដល់អ្នកកាសែតអនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាព និងកិត្យានុភាពរបស់អ្នកកាសែតអនឡាញ ដើម្បីឲ្យស្របតាមការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ជាមួយគ្នានោះ លោកបានលើកឡើងថា ការតម្រង់ទិសដល់អ្នកសារព័ត៌មាន គឺពិតជាមានសារៈសំខាន់ ព្រោះអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ។

 

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ ហើយអ្វីទៅគឺជាអាវក្រោះ ហើយពាក់យ៉ាងម៉េច អ្នកកាសែត គឺជាវិជ្ជាជីវៈសេរី មិនមែនទាល់ តែប្រឡងជាប់ចេញពីសាលាកាសែត មិនចាំបាច់មានសញ្ញាបត្រអ្វីទេ ធ្វើកាសែត អ្នកណាក៏បានដែរ។ ដូច្នេះហើយទើបយើងឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា គឺបានដាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសារព័ត៌មាន។ អីចឹងបានន័យថា នរណាក៏ធ្វើកាសែតបានដែរ ប៉ុន្តែអ្នកណាក៏ធ្វើកាសែតបាន ហើយដើម្បីសរសេរកាសែតមួយដែលមានទំនួលខុសត្រូវ គឺខុសគ្នា ដូចនរណាក៏បួសលោកសង្ឃបានដែរ ប៉ុន្តែនៅពេលដែលធ្វើជាសង្ឃហើយ ត្រូវមានក្រមវិន័យរបស់សង្ឃ ក្រមវិន័យអ្នកសារព័ត៌មាន»។

 

សូមបញ្ជាក់ថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្តន៍វិជ្ជាជីវ:របស់ខ្លួន ដូចនេះវាជាការចាំបាច់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីធ្វើឲ្យការផ្សព្វផ្សាយរបស់ខ្លួន មានតម្លៃជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ ជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ។ អ្នកសារព័ត៌មានគួរយល់ និងចេះដឹងពីក្រមសីលធម៌សារព័ត៌មាន ទើបសរសេរ និងផ្សាយព័ត៌មានបានត្រឹមត្រូវ និងមហាជនជឿទុកចិត្ត៕

 

crt

Leave a Reply

Your email address will not be published.