ព័ត៌មានជាតិ

ក្រោយ​ពី​ការ​ចុះ​ផ្សាយ​ លោក​អភិ​បាល​ខណ្ឌ​ចុះ​ជួប​ពលរដ្ឋ​ដែល​ចោទប្រកាន់​ថា លោក​មិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ

ក្រោយ​ពី​ការ​ចុះ​ផ្សាយ​ លោក​អភិ​បាល​ខណ្ឌ​ចុះ​ជួប​ពលរដ្ឋ​ដែល​ចោទប្រកាន់​ថា លោក​មិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ

 

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ចុះ​ផ្សាយ​ អំពី​ប្រតិកម្ម​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ខឹងសម្បារ និង​ចោទប្រកាន់​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា លោក​មិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ (ប្លង់​ទន់​) និង​រិះគន់​ថា លោក​ជា​មន្ត្រី​ជើង​១០​រួច​មក​នោះ​។ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៣​នេះ លោក​អភិបាល​ខណ្ឌ​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​បាន​ចោទប្រកាន់​រូប​លោក​នោះ​ហើយ ដើម្បី​ពន្យល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​អំពី​មូលហេតុ​ដែល​លោក​មិន​ព្រម​ចុះហត្ថលេខា​ជូន​ផង​ដែរ​។

នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ដោយ​មន្ត្រី​ការិយាល័យ​ដែនដី​នគរូបនីយកម្ម សំណង់​ភូមិបាល និង​សុរិយោដី លោក​អភិបាល​ខណ្ឌ បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​សួរនាំ​ដោយ​សេរី​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​បាន​កើតឡើង​។ បន្ទាប់​មក ប្រជាពលរដ្ឋ​បាន​សួរនាំ​ពី​មូលហេតុ​ដែល​លោក​អភិបាល​ខណ្ឌ​មិន​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ដីធ្លី ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​អាច​លក់ដូរ​បាន​។ ព្រមទាំង​មាន​សំណួរ​ជា​ច្រើន​ទៀត ពាកព័ន្ធ​ទៅ​នឹង​នីតិវិធី​នៃ​ការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ និង​ការ​បំបែក​ក្បាលដី​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ (​ប្លង់​រឹង​) ជាដើម​។

យោង​តាម​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខាងលើ សុទ្ធតែ​ជា​អ្នក​ដែល​បាន​ទិញ​ដី​ឡូ​តិ៍​ពី​ក្រុមហ៊ុន យា​ប សុ​វ​ណ្ណា ជា​ច្រើន​ឆ្នាំ​មក​ហើយ កន្លង​មក​ដី​ខ្លះ​មានការ​លក់ដូរ​ច្រើន​តំណរ​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ ដី​នោះ​មាន​ប័ណ្ណកម្មសិទ្ធិ (​ប្លង់​រឹង​) ដែល​ក្រុមហ៊ុន យា​ប សុ​វ​ណ្ណា ពុំ​ទាន់​បាន​បំបែក​ក្បាលដី​ជូន​ពួក​គាត់​នៅឡើយ​។

មន្ត្រី​ដដែល​បាន​ប្រាប់​ទៀត​ថា ពាក់ព័ន្ធ​នឹង​ដី​មាន​ប្លង់​រឹង​នេះ លោក​អភិបាល​ខណ្ឌ​ពុំ​អាច​ចុះហត្ថ​លេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​បាន​ទេ ព្រោះ​តាម​គោលការណ៍​ក្រសួង​ដែនដី​នគរូបនីយកម្ម សំណង់​ភូមិ​បាល និង​សុរិយោដី មិន​អនុញ្ញាត​ឲ្យ​ចុះហត្ថលេខា​ឡើយ​។ ចំណែក​កាលពី​ជំនាន់​លោក ហែម ដា​រិ​ទ្ធិ ជា​អភិបាល​ខណ្ឌ ឬ​ជំនាន់​អភិបាល​ខណ្ឌ​មុន​នឹង​ទៀត គឺ​ចេះ​តែ​ចុះហត្ថលេខា​ទៅ​។ ប៉ុន្តែ​តាម​គោល​ការណ៍​គឺ​អត់​ត្រូវ​ទេ ហើយ​គោលការណ៍​មួយ​នេះ នៅ​តាម​ខណ្ឌ​នានា គេ​អនុវត្ត​បាន​អស់ហើយ នៅ​សល់​តែ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​ប៉ុណ្ណោះ ដែល​កំពុង​អនុវត្ត​ឲ្យ​បាន​ដូច​គេ​ដូច​ឯង​។

ក្រោយ​ពី​មានការ​សួរនាំ​ពី​ប្រជាពលរដ្ឋ​អំពី​មូលហេតុ​ផ្សេង​ៗ លោក​អភិបាល​ខណ្ឌ សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធិ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ថា មូលហេតុ នៃ​ការ​ដែល​លោក​ពុំ​ព្រម​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ​ជូន​នោះ ដោយសារ​តែ​ពិនិត្យ​មើលឃើញ​ថា លិខិត​ផ្ទេរសិទ្ធិ​ដីធ្លី​ដែល​បងប្អូន​ដាក់​ចូល​ទៅ​នោះ​មាន​ជាប់​ប្លង់​រឹង ជា​ដី​ពុំ​ទាន់​បំបែក​ក្បាលដី​មាន​ប័ណ្ណកម្មសិទ្ធិ​នៅឡើយ​។

លោក​អភិបាល​ខណ្ឌ​រូប​នោះ​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ប្រសិនបើ​លោក​ចុះហត្ថលេខា​ជូន​នោះ ខុស​នឹង​គោលការណ៍​ក្រសួង​ដែនដី​នគរូបនីយកម្ម សំណង់​ភូមិបាល និង​សុរិយោដី ដែល​មិន​អនុញ្ញាត​ឲ្យ​ចុះហត្ថលេខា​លើ​ដី​ដែល​ជាប់​ប្លង់​រឹង​ឡើយ​។ ម្យ៉ាងទៀត មិនមែន​ថា ឲ្យ​តែ​លិខិត​ផ្ទេរសិទ្ធិ​ប្លង​ទន់ លោក​មិន​ចុះហត្ថលេខា​ទាំង​អស់នោះ​ទេ បើ​លិខិត​ផ្ទេរសិទ្ធិ​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្លង់​រឹង​នោះ លោក​ចុះហត្ថលេខា​ជូន​ភ្លាម​។

 

លោក​អភិបាល​ខណ្ឌ​បាន​ពន្យល់​អំពី​និ​តិ​វិធី​នៃ​ការ​បំបែក​ក្បាលដី ការ​ចំណាយ​ប្រាក់​ទៅ​លើ​ថ្លៃ​ប័ណ្ណកម្មសិទ្ធិ និង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ពេល​កាត់ឈ្មោះ​ជាដើម លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ការិយាល័យ​ដែនដី​នគរូបនីយកម្ម សំណង់​ភូមិបាល និង​សុរិយោដី​ខណ្ឌ ចុះ​ធ្វើការ​វាស់វែង​បំបែក​ក្បាលដី​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ទី​៦ ខែមីនា នេះ​តទៅ ដើម្បី​ឆាប់​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​យក​មក​ប្រើ​ការ​។

លោក​បញ្ជាក់​ថា ការ​ចុះ​វាស់វែង​មាន​រយៈពេល​តែ​២​ស​ប្ដា​ហ៍​ទេ លើស​ពី​នេះ​នឹង​ចំហរ​ចោល​ហើយ ចំណែក​​ការ​កាត់ឈ្មោះ​ប្រើ​រយៈពេល​ប្រមាណ​២​ខែ​ទើប​រួចរាល់ ហើយ​លោក​នឹង​ជួយ​ជំរុញ​បន្ថែម​ឲ្យ​កាន់​តែ​លឿន​ថែម​ទៀត ព្រមទាំង​ប្រើ​នីតិវិធី​ធ្វើ​ឲ្យ​លម្អិត ដើម្បី​ការពារ​មិន​ឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។

នៅ​ទី​បញ្ចប់​លោក​អភិបាល​ខណ្ឌ ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ផ្ទេរសិទ្ធិ សូម​អញ្ជើញ​​កាន់​ឯកសារ​ចូល​ទៅ​កាន់​ច្រក​ចេញចូល​តែ​មួយ​ដោយ​ខ្លួនឯង កុំ​ពឹងពាក់​អ្នក​រត់ការ​ឲ្យ​សោះ ដែល​នាំ​ឲ្យ​អស់ប្រាក់​ច្រើន ហើយ​ថែម​ទាំង​មានការ​យឺតយ៉ាវ​ទៀត​ផង​។ ម្យ៉ាងទៀត លើក​ក្រោយ ប្រសិន​បើ​មាន​បញ្ហា​កង្វល់​អ្វីមួយ សូម​អញ្ជើញ​ទៅ​ជួប​លោក​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​លោក​មេ​ភូមិ និង​លោក​ចៅសង្កាត់​នោះ លោក​នឹង​ដោះស្រាយ​ជូន​។

crt

Leave a Reply

Your email address will not be published.