ព័ត៌មានជាតិ

ទិវានារី​អន្តរជាតិ! សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអះអាងថាអ្វីដែលសម្តេចមានថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់ភរិយានោះឡើយ

ទិវានារី​អន្តរជាតិ! សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអះអាងថាអ្វីដែលសម្តេចមានថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់ភរិយានោះឡើយ

 

ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ស្ត្រីទី១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែជួយយិតយោងសម្តេចនាពេលកន្លងមក និងបានអះអាងថា អ្វីដែលសម្តេចមានថ្ងៃនេះ មិនអាចខ្វះបានពីការចូលរួមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះឡើយ។

 

សូមបញ្ជាក់ដែរថា ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើង​ជារៀង​រាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានាផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំក៏មិនភ្លេចអរគុណចំពោះភរិយាខ្ញុំ បើទោះបីជាគាត់មិនបានមកទីនេះ ដោយសារភាពជាការវាយប្រហារធ្ងន់ធ្ងរ បន្ទាប់ពីប្អូនស្រីត្រូវបាត់បង់ជីវិត ក៏ប៉ុន្តែអ្វីដែលខ្ញុំមាននៅថ្ងៃនេះ មិនអាចអត់ការយិតយោងពីភរិយាខ្ញុំបានទេ ពាក្យខ្មែរថា «សំណាបយោងដី ស្រីយោងប្រុស» គឺជារឿងពិត ប្រសិនបើខ្ញុំពុំមានភរិយាប្រកបដោយគុណធម៍ និងលក្ខណៈសម្បត្តិយ៉ាងដូចនេះទេ ក៏ប្រហែលជាខ្ញុំក៏បាត់បង់ការគាំទ្រ ហើយកូនចៅរបស់ខ្ញុំក៏ប្រហែលជាបាត់បង់នូវការគាំទ្រដែរ ប៉ុន្តគាត់បានធ្វើកិច្ចការរបស់គាត់បានយ៉ាងល្អ»។

 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ត្រង់នេះហើយដែលសម្តេចតែងនិយាយថា ជួយស្ត្រីគឺជួយខ្លួនឯង បើប្រពន្ធមានការចេះដឹង បើបងស្រីមានការចេះដឹង ប្អូនស្រីមានការចេះដឹង កូនស្រីមានការចេះដឹង ចៅស្រីមានការចេះដឹង វាគឺជាភព្វសំណាងរបស់យើងជាប្តី ជាបង ជាប្អូន ជាឱពុក ជាជីតា ដែលនោះគឺបានមកពីការដែលយើងបានធ្វើការវិនិយោគកាន់តែច្រើនសម្រាប់ស្ត្រី ដែលយើងទទួលផលផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងដូចនេះថា «ភរិយាខ្ញុំបើទោះបីថាយ៉ាងណាក៏ដោយ គាត់មិនដែលឱ្យខ្ញុំដួសបាយទេ ខ្ញុំនិយាយមួយបែបបើកចំហរក្នុងគ្រួសារបន្តិចទៅចុះ […] ភរិយារបស់ខ្ញុំមានទម្លាប់មួយ គឺមិនឱ្យប្តីដួសបាយទេ គាត់តែងតែដួសបាយឱ្យខ្ញុំ ហើយនៅពេលដែលខ្ញុំទទួលទានបាយអស់មួួយចាន ហើយចង់ថែមទៀត គាត់សុខចិត្តដើរវាងទៅដួសបាយឱ្យខ្ញុំ ចំណុចនេះគឺជាចំណុចនៃការយិតយោងគ្នាទេ ខ្ញុំមិនមែនប្រើគាត់ទេហើយក៏មិនមែនបានសេចក្តីថា ខ្ញុំមិនចេះដួសបាយទេ ពេលដែលគាត់អត់នៅខ្ញុំក៏ដួសបាយខ្លួនឯងដែរ ក៏ប៉ុន្តែនៅពេលដែលបាយជាមួយគ្នា គាត់មិនដែលឱ្យខ្ញុំដួសបាយនោះទេ»។

 

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដែរថា បុរសៗដែលជាប្តីនៅពេលដែលឃើញថាប្រពន្ធដួសបាយឱ្យទទួលទាន ក៏មិនត្រូវគិតតែពីប្រើគេនោះដែរ ហើយបើយើងប្រុសដួសបាយឱ្យប្រពន្ធទទួលទានគឺកាន់តែល្អ ជាពិសេសគឺនៅថ្ងៃទី០៨ មិនា ដែលជាថ្ងៃសិទ្ធនារីនេះតែម្តង៕

crt

Leave a Reply

Your email address will not be published.