ព័ត៌មានជាតិ

លោក ដូណាល់ ត្រាំ ព្រមានថាអាចនឹងមានអ្នកស្លាប់ ប្រសិនបើលោកត្រូវបានចោទប្រកាន់ ឬចាប់ខ្លួន

លោក ដូណាល់ ត្រាំ ព្រមានថាអាចនឹងមានអ្នកស្លាប់ ប្រសិនបើលោកត្រូវបានចោទប្រកាន់ ឬចាប់ខ្លួន

(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអាចនឹងមានអ្នកស្លាប់ និងការបំផ្លិចបំផ្លាញ ប្រសិនបើរូបលោកពិតជាត្រូវបានចោទប្រកាន់ នៅក្នុងការស៊ើបអង្កេតពី លុយបំបិទមាត់ ដែលមេធាវីផ្ទាល់ខ្លួនរបស់លោកបានបង់ឱ្យតារាភាពយន្ដអាសអាភាសម្នាក់កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

 

លោក ត្រាំ ធ្វើការកត់សម្គាល់ខាងលើ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) និងមួយសប្ដាហ៍ បន្ទាប់ពីរូបលោកបានអះអាងថាលោកផ្ទាល់អាចនឹងត្រូវបានគេចាប់ខ្លួន ហើយអំពាវនាវឱ្យ អ្នកគាំទ្ររបស់លោកធ្វើបាតុកម្មតវ៉ា។ ការអំពាវនាវបែបនេះរបស់លោក ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះអំពើហិង្សា ដូចគ្នាទៅនឹងអំពើហិង្សាដែលបានកើតឡើងនៅពេលក្រុមបាតុករ គាំទ្ររូបលោកសម្រុកចូលអឡុកវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បីព្យាយាមរារាំងការទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។

 

នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោក លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «តើមនុស្សប្រភេទណាអាចចោទប្រកាន់អ្នកដទៃ ដែលក្នុងករណីនេះជា អតីតប្រធានាធិបតីអាមេរិក ដែលទទួលបានសំឡេងគាំទ្រច្រើនជាងប្រធានាធិបតីកំពុងកាន់អំណាចណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ…ការស្លាប់ និងការបំផ្លិចបំផ្លាញដោយសារតែ ការចោទប្រកាន់ក្លែងក្លាយ អាចនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសរបស់យើង»។

 

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវបានចោទប្រកាន់ជាផ្លូវការ ជុំវិញការសូកលុយបំបិទមាត់តារាភាពយន្ដអាសអាភាសម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីទំនាក់ទំនងលួចលាក់រវាងស្ត្រីរូបនេះ និងរូបលោក តាមរយៈមេធាវីផ្ទាល់ខ្លួន គឺលោក Cohen នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ប៉ុន្តែ លោក ត្រាំ បាន ច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយថាលុយទាំងនោះគ្រាន់តែដើម្បីការពារកិត្តិយសរបស់លោកពីការចោទប្រកាន់មិនពិតតែប៉ុណ្ណោះ និងទទូចថាមិនបានធ្វើអ្វីខុសទេ៕

 

crt

Leave a Reply

Your email address will not be published.