ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការថា គម្រោងផ្លូវជាតិលេខ៥ពីព្រែកក្តាមទៅដល់ធ្លាម្អមនឹងសម្ពោធឲ្យប្រើជាផ្លូវការនៅខែមិថុនា

រដ្ឋមន្ត្រីក្រសួងសាធារណការថា គម្រោងផ្លូវជាតិលេខ៥ពីព្រែកក្តាមទៅដល់ធ្លាម្អមនឹងសម្ពោធឲ្យប្រើជាផ្លូវការនៅខែមិថុនា

 

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា គម្រោង​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម​ទៅ​ដល់​ធ្លា​ម្អម (​ខេត្តពោធិ៍សាត់​) នឹង​រៀបចំ​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមិថុនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

 

ថ្លែង​នា​ឱកាស​អនុញ្ញាត​ឱ្យ​លោកស្រី Kamei Haruko ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ ឯកឧត្តម​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​បញ្ជាក់​ថា​«​គម្រោង​រៀបចំ​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម ទៅ​ដល់​ធ្លា​ម្អម (​ខេត្តពោធិ៍សាត់​) និង​ពិធី​បើក​ការដ្ឋាន​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​សិរី​សោភ័ណ​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៣​នៃ​ខែមិថុនា ឱ្យ​បាន​មុន​យុទ្ធនាការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែកក្កដា ២០២៣»​។

 

ឆ្លៀតឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី​សង្ឃឹមថា JICA នឹង​បន្តសកម្មភាព​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រត​ភ្ជាប់​នៅ​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​៤ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​នៃ​ប៉ូ​ល​សេដ្ឋកិច្ច​ទាំងអស់​មាន​ភាព​រីក​ចម្រើន និង​មាន​និរន្តរភាព​ផង​ដែរ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ផ្សារ​ភ្ជាប់​ទៅ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​ផង​ដែរ​។

 

ក្នុងជំនួបនោះដែរ លោកស្រី Kamei Haruko បានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជាក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅនៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជាជាដើម។

លោកស្រី បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​៕

crt

Leave a Reply

Your email address will not be published.