ព័ត៌មានជាតិ

អាមេរិក​​ឱ្យ​ពល​រដ្ឋខ្លួន​ចាក​​ចេញ​ពី​រុស្ស៊ី​​​​ បន្ទាប់​ពី​អ្នក​កាសែតត្រូវចាប់ខ្លួន

អាមេរិក​​ឱ្យ​ពល​រដ្ឋខ្លួន​ចាក​​ចេញ​ពី​រុស្ស៊ី​​​​ បន្ទាប់​ពី​អ្នក​កាសែតត្រូវចាប់ខ្លួន​

ទីក្រុង​ម៉ូស្គូ, ប្រទេស​រុស្ស៊ី៖ ​​ប្រទេស​រុស្ស៊ី​ចោទ​ប្រកាន់​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​​របស់​កាសែត​អាមេរិក​ វ៉លស្ទ្រីត​ជើណល (Wall Street Journal)​ ពី​បទ​លួច​យក​ការណ៍សម្ងាត់​។ សារព័ត៌មាន​វ៉លស្ទ្រីត​ជើ​ណល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​រួច​ហើយ​​ និង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ដោះ​​លែង​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​ជា​បន្ទាន់​។ វ៉ល​ស្ទ្រីត​ជើ​ណល​ចាត់​ទុកថា​លោក​អ៊ីវ៉ាន ហ្គើសខូវីច (Evan Gershkovich) ជា​បុគ្គលិក​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ និង​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ងារ​។​

​សេតវិមាន​ថ្លែង​ថា​ក្រសួង​កា​របរទេស​អាមេរិក​​កំពុង​​ទាក់​ទង​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​​ និង​ជំរុញ​ឱ្យ​​ពល​រដ្ឋ​អាមេរិកាំង​ទាំង​អស់​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ត្រូវ​​ប្រញាប់​ចាក​ចេញ​​​ជា​បន្ទាន់​។ ​ចំពោះ​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​ ពួក​គេ​គួរ​ដក​ខ្លួន​ថយ​ជា​បន្ទាន់​ដើម្បី​​ថែ​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។​ អ្ន​កនាំ​ពាក្យ​សេតវិមាន​ចាត់​ទុក​ថា​ «​ការ​យក​អ្នក​កាសែត​​រូប​នោះ​ឡើង​តុលា​ការ​ជា​រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​។ រដ្ឋាភិបាល​រុស្ស៊ី​យក​ជនជាតិ​អាមេរិក​ធ្វើ​ជា​ផ្ទាំង​ស៊ីប​របស់​ខ្លួន​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​​ជា​ដាច់​ខាត​»​។​

Picture
លោក​ស្រី​ការីន ហ្សង់ព្ជែរ (Karine Jean-Pierre) អ្នក​នាំ​ពាក្យ​សេត​វិមាន​
លោក​ហ្គើស​ខូវីច​ អាយុ​៣១​ឆ្នាំ បាន​ធ្វើ​ការ​ជា​អ្នក​កាសែត​​នៅ​ប្រទេស​រុស្ស៊ី​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​។ ​​ភ្នាក់​ងារ​​ស៊ើប​ការណ៍​រុស្ស៊ី​ចាប់​ខ្លួន​គាត់​នៅ​ទី​ក្រុង​ឧស្សាហកម្ម​មួយ​កន្លែង​​​ពី​បទ​សង្ស័យ​ថា​គាត់​ប្រមូល​ព័ត៌មាន​ពី​​តំបន់​ឧស្សាហកម្ម​ផលិត​អាវុធ​ និង​គ្រឿង​បរិក្ខារ​យោធា​ ដើម្បី​បញ្ជូន​​​ទៅ​ឱ្យ​រដ្ឋា​ភិ​បាល​​អាមេរិក​​។ ​ក្រោយ​ការ​ចាប់​ខ្លួនរួច​​, រុស្ស៊ី​​ក៏​បាន​បញ្ជូន​គាត់​ទៅ​ទីក្រុ​ង​ម៉ូស្គូ​ដើម្បី​កាត់​ទោស។​

នៅ​ក្នុង​តុលាការ​, លោក​ហ្គើស​ខូវីច​ថ្លែង​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ កាសែត​វ៉លស្ទី្រត​ជើណល​យល់ថា​​លោក​ត្រូវ​គេ​ចោទ​ប្រកាន់​ទាំង​បំពាន​​​។ ​បើ​តុលាការ​រក​ឃើញ​ថា​គាត់​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​, គាត់​អាច​នឹង​ជាប់​ពន្ធ​នាគារ​ម្ភៃ​ឆ្នាំ​។​ ​អ្នក​នាំ​ពាក្យ​រុស្ស៊ី​ថ្លែង​ថា​ស្ថាន​កុង​ស៊ុល​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​អាច​ចូល​ជួប​សួរ​សុខ​ទុក្ខ​ជន​ជាប់​ចោទ​។

ដំណើរ​ការ​កាត់​ក្ដី​នេះ​នឹង​ធ្វើ​ឡើង​ជា​សាធារណៈ​។ មេធាវី​ការ​ពារ​ក្ដី​ជន​ជាប់​ចោទ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​​មើល​សំណុំ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​​​ចោទ​ប្រកាន់​នោះ​​ដែរ​។​ គាត់​ជឿ​ថា​កូន​ក្ដី​របស់​គាត់​ប្រហែល​ជា​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ​មួយ​កន្លែង​ដែល​បន្សល់​ទុក​តាំង​ពី​​សម័យ​សហ​ភាព​សូវៀត​សម្រាប់​ដាក់​អ្នក​ទោស​នយោបាយ​។

កាសែត​វ៉ល​ស្ទ្រីត​ជើណល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់ពី​សំណាក់​អង្គភាព​ចារកម្ម​​រុស្ស៊ី អែហ្វ​អែស​​ប៊ី (FSB) និង​កំពុង​ស្វះ​ស្វែង​រក​ការ​ធ្វើ​អន្តរាគមន៍​តាម​គ្រប់​លទ្ធ​ភាព​ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​បុគ្គលិក​របស់​ខ្លួន​​។​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ថ្លែង​ថា​សម្រាប់​ពេល​នេះ រុស្ស៊ី​មិន​ទាន់​ចង់​និយាយ​ពី​ការ​ដោះ​​ដូរ​អ្នក​ទោស​​​ជាមួយ​អាមេរិក​ទេ​ ព្រោះ​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​។ ជន​ជាប់​ចោទ​មិន​ទាន់​ត្រូវ​បាន​តុលាការ​​ប្រកាស​​​សាល​​ក្រម​​ផ្ដន្ទា​​ទោស​​នៅ​​ឡើយ​​ទេ​​៕​​

ប្រភព៖ Reuters

crt

Leave a Reply

Your email address will not be published.