ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី តែងតែបាន​ចុះ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ជូនដំណឹង​ម្ដង​ហើយ ម្ដងទៀត

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី តែងតែបាន​ចុះ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ជូនដំណឹង​ម្ដង​ហើយ ម្ដងទៀត ដល់​បងប្អូន​អាជីវករ​ផ្សារ​ទាំងអស់ ធ្វើ​យ៉ាងណា​ការ​លក់ដូរ​របស់​បងប្អូន សូម​រក្សា​នូវ​ភាព​ថ្លៃថ្នូរ សុ​ជីវ​ធ​ម៍ ទាំង​ពាក្យ​សម្ដី និង​កាយវិការ​ក្ដី ដល់​អតិថិជន ដែល​ទិញ​ទំនិញ ទោះ​អតិថិជន​តថ្លៃ​ត្រូវ ឬ​មិន​ត្រូវ ទិញ​ក្ដី មិន​ទិញ​ក្ដី ជៀសវាង​ពាក្យ​សម្ដី​មិនល្អ ឬ​អំពើ​ណាមួយ ដែល​ប្រាក​ចាក​ពី​ភាព​ថ្លៃថ្នូរ នៃ​ការ​លក់ដូរ​របស់​យើង នេះ​បើ​តាម​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ។

គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី បន្ត​ថា ហើយ​ក៏​សូម​សំណូមពរ​ដល់​អតិថិជន​មួយ​ចំនួន​ផង​ដែរ ត្រូវ​ចេះ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពាក្យ​សម្ដី ទិញ​ទំនិញ​រវាង​អតិថិជន និង​អាជីវករ​ម្យ៉ាងវិញទៀត បើ​ក្នុង​ករណី​មាន​បញ្ហា ឬ​ទំនាស់​ពាក្យ​សម្ដី ឬ​កាយវិការ​ណាមួយ​កើត​មាន​ឡើង​នោះ ក្នុង​នាម​គណៈ​គ្រប់គ្រង​ផ្សារ សូម​សំណូមពរ​ឲ្យ​បងប្អូន​អតិថិជន និង​អាជីវករ​ទាំងអស់ មក​ជួប​គណៈកម្មការ​ផ្សារ ឬ​កម្លាំង​សន្តិសុខ ដែល​នៅ​ប្រចាំការ​គ្រប់​គោលដៅ ដើម្បី​គណៈ​គ្រប់គ្រង​ផ្សារ រក​ដំណោះស្រាយ​ជូន​បងប្អូន​ទាំង​សងខាង​គ្រប់ពេលវេលា ។

 

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ មាន​ករណី​អ្នកទិញ​ម្នាក់ តថ្លៃ​អាវ​ហើយ មិន​មាន​ពណ៌​ត្រូវចិត្ត ក៏​អត់​ទិញ ពេល​នោះ ក៏​មានការ​ជជែក​គ្នា​រវាង​ស្ត្រី​អ្នកលក់ និង​នារី​អ្នកទិញ នៅ​ផ្សារ​អូរ​ឬ​ស្សី ស្រាប់តែ​អ្នកលក់​បាន​មក​ពីក្រោយ​ហើយ​ទះ​មួយ​ដៃ ហើយ​ទាញ​អាវ​អ្នកទិញ ផ្ងារ​ក្រោយ​ជំពាក់​ជើង​គ្នា រហែក​អាវ ។

ស្ត្រី​អាជីវករ​ផ្សារ​អូរ​ឬ​ស្សី មានឈ្មោះ ស្មា​ទ ហ្វា​ហ្វា អាយុ​៣៤​ឆ្នាំ និង​ភាគី​អតិថិជន មានឈ្មោះ ថែម ថង​ឌី អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ។

ក្រោយ​ពី​អ្នកទិញ បាន​បង្ហោះ​រឿងរ៉ាវ​ខាងលើ តាម​បណ្ដាញ​សង្គម គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី បាន​ស្រាវជ្រាវ និង​បាន​អញ្ជើញ​ភាគី​ទាំង​២ មក​សួរនាំ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ផ្សារ ជា​លទ្ធផល ដូច្នោះ ភាគី​អាជីវករ ក៍បាន​ទទួលកំហុស និង​សូមទោស​អតិថិជន រីឯ​ភាគី​អតិថិជន ក៍​យល់ព្រម សុខចិត្ត​លុប​ការ​បង្ហោះ​នោះ ហើយ​ភាគី​ទាំង​២​ក៍បាន​ផ្ដិត​មេដៃ​បញ្ចប់រឿង​ផង​ដែរ ។

គួរ​រម្លឹក​ឡើង​វិញ​ថា មុន​យល់ព្រម​លុប​ការ​បង្ហោះ​ចេញ​វិញ អតិថិជន​ឈ្មោះ ថែម ថង​ឌី បាន​រៀបរាប់​ដំណើរ​សាច់​រឿង​អោយ​ដឹង​ថា ៖ «​បទ​ពិសោធន៍ ចាំ​មួយ​ជីវិត​នៅ​ផ្សារ​អូ​ឬ​ស្សី ទិញ​ខោអាវ សួរ​ថ្លៃ តថ្លៃ​មិន​ត្រូវ អត់​យក អរគុណ​ហើយ​ដើរ​ចេញ អ្នកលក់​រត់​មក​ទាញ​អាវ​ផ្ងារ​ក្រោយ​ទាល់​រហែក​អាវ​!» ។

 

ខ្ញុំ ៖ បង​អាវ​ពណ៌​ស​នេះ​មួយ​ប៉ុន្មាន​ដែរ​បង ?

អ្នកលក់ ៖ ម៉ូ​ដ​ហ្នឹង​មួយ​១០$ (​ឆ្លើយ​របៀប​យើង​ទៅ​សុំ​)

ខ្ញុំ ៖ សួរ​ថ្លៃ​ហើយ ចាប់​អាវ​មើល​បានដឹង​ថា ធំ ព្រោះ​គេ​បត់​ឲ្យ​ឃើញ​តូច ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា ធំ​ពាក់​មិនកើត​ទេ ព្រោះ​ខ្លួន​ពាក់​សាយ XS ហើយ​ក៏​ដាក់​ភ្នែក​ទៅ​ឃើញ​អាវ​មួយទៀត ក៏​ចង់បាន​តែ​អត់​ឃើញ​មាន​ពណ៌​ស ក៏​បន្ត​សួរ​ទៀត​ថា ៖

ខ្ញុំ ៖ បង​ម៉ូ​ដ​នេះ មាន​ពណ៌​ស​ទេ​បង ?

អ្នកលក់ ៖ ម៉ូ​ដ​ហ្នឹង​! អត់​មាន​ពណ៌​ស​ទេ (​មុខ​ចាប់ផ្តើម​ខឹង អត់​ដឹង​ថី​បាន​ខឹង​)

ខ្ញុំ ៖ ស្រឡាញ់​ម៉ូ​ដ​នេះ តែ​អត់​មាន​ពណ៌​ស អរគុណ​បង (​តែ​ក្នុង​ចិត្ត​គិត​ថា មិន​សម​ទេ សួរ​គេ​អត់​ទិញ អត់​តថ្លៃ គេ​នឹង​ជេរ​ផ្អើល​ផ្សារ ព្រោះ​មុខ​អ្នកលក់​ដូច​ខឹង​ស្រាប់​ទៅ​ហើយ​) ហើយ​លួច​មើល​មុខ​គេ ទាំង​ខ្លាចចិត្ត​ហើយ​សួរ​ថា បងអត់​អី​ទេ មែន​ទេ ព្រោះ​ស្រលាញ់​អាវ​នោះ តែ​អត់​មាន​ពណ៌​ស

អ្នកលក់ ៖ ស្រែក​ខ្លាំង​ៗ អត់​អី​ម៉េច​ ? អ្ហែង​សួរ​ហើយ​មិន​ទិញ​ម៉េច​!

ខ្ញុំ ៖ ចា៎​បង សុំ​ទោស​ផង ព្រោះ​អត់​មាន​ពណ៌​ស ហើយ​មួយ​នោះ​សាយ​ធំ ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​បង

អ្នកលក់ ៖ ឥឡូវ​អ្ហែង ត​មួយ​ម៉ាត់​ទៅ ហើយ​អត់​យក ក៏​អត់​ទៅ ឲ្យ​តែ​បាន​.​ត

ខ្ញុំ ៖ (​គិត​ក្នុង​ចិត្ត តទៅ​កុំ​ឲ្យ​គេ​លក់​អត់​ដាច់​) អ៊ីចឹង ៥$ បាន​ហើយ​បង

អ្នកលក់ ៖ លក់​អត់​បាន​ទេ ឥឡូវ ៦.៥$​ទៅ

ខ្ញុំ ៖ អ៊ីចឹង​ខ្ញុំ​អត់​យក​ទេ​បង ព្រោះ​អត់​ត្រូវ អរគុណ​ច្រើន​បង

ហើយ​ក៏​ដើរ​ចេញ គិត​ថា គ្មាន​រឿង​អី​ទេ ទាំង​ភ្នែក រ​វ៉ៃ​រក​មើល​អាវ​ផ្សេង ស្រាប់តែ​អ្នកលក់ រត់​មក​ពីក្រោយ ទះ​មួយ​ដៃ ហើយ​ទាញ​អាវ​ផ្ងារ​ក្រោយ​ជំពាក់​ជើង​គ្នា​ទាល់តែ​រហែក​អាវ ! អារម្មណ៍​ពេល​នោះ​រន្ធត់​ណាស់ ភ័យ​ញ័រ រក​អ្វី​និយាយ​មិន​ត្រូវ​ហើយ​ក៏​សួរ​អ្នកលក់​ថា ៖

 

ខ្ញុំ ៖ ថី​បាន​បង​ធ្វើ​ចឹ​ង​ដាក់​ខ្ញុំ ខ្ញុំ​ខុស​អី ?

អ្នកលក់ ៖ អឺ អ្ហែង​សួរ​ថ្លៃ​ហើយ​មិន​ទិញ

ខ្ញុំ ៖ បង​ឲ្យ​ខ្ញុំ​ទិញ​ម៉េច បើ​មិន​ត្រូវ​ផង​ហ្នឹង ?

អ្នកលក់ ៖ អ្ហែង​ត្រូវ​តែ​ទិញ​ដាច់ខាត អត់​មាន​ដើរ​ចេញ​ទេ

ខ្ញុំ ៖ ម៉េច​ចឹ​ង​បង បើ​មិន​ត្រូវ បង​ឲ្យ​ទិញ​ម៉េច​កើត

អ្នក់លក់ ៖ អ្ហែង​សួរ​ថ្លៃ​ហើយ ត្រូវ​តែ​ទិញ

ខ្ញុំ ៖ អ្ហា ហើយ​មុន​ទិញ​អី បង​មិន​ឲ្យ​សួរ​តម្លៃ​សិន​ទេ​​អី ? ខ្ញុំ​មិនមែន​កូន​សេដ្ឋី ទិញ​អី​គេ​ដោយ​មិន​សួរ​តម្លៃ​ទេ

អ្នកលក់ ៖ អត់​! សួរ​តម្លៃ​ហើយ ត្រូវ​តែ​ទិញ ហើយ​ចាប់ផ្តើម​ជេរ​ខ្ញុំ​សព្វគ្រប់​បែប​យ៉ាង ។

ខ្ញុំ​(​ថែម ថង​ឌី​) ស្លន់​ផង ញ័រ​ផង រក​អី​និយាយ​មិន​ត្រូវ​ទេ ព្រោះ​ម្នាក់ឯង ក៏​ចាប់ផ្តើម​ស្រក់​ទឹកភ្នែក ទាំង​ភ័យ ទាំង​ញ័រ ហេតុ​អី ក៏​ជួប​រឿង​បែប​នេះ​ទៅ​រួច រហែក​អាវ​តែ​បន្តិច តែ​អារម្មណ៍​ផ្លូវចិត្ត ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ដែល​សុខ​ៗ មាន​គេ​មក​ទា​ញក​អាវ អូស​ពីក្រោយ​ដូច​ជា​ចោរ​បែប​ហ្នឹង ។

ធ្លាប់តែ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដល់​ថ្ងៃនេះ​ជួប​ខ្លួនឯង អារម្មណ៍​នោះ​សោកសៅ​ណាស់ ផ្តាំ​ដល់​បង​ៗ​អ្នក់លក់​ទាំងឡាយ សុំ​បង​កុំ​ធ្វើ​បែប​ហ្នឹង​អី​បង វា​អត់​ចំណេញ​ទេ គេ​អាច​ប្តឹង​បង​ពី​បទ​ប្រើ​អំពើ​ហិង្សា ហើយ​វា​អត់​ថ្លៃថ្នូរ រកស៊ី​មិន​ឡើង​ទេ ដែល​វ៉ៃ​ភ្ញៀវ ពេល​ដែល​សួរ​ថ្លៃ​ហើយ​មិន​ទិញ​នោះ ហើយ​សុំ​បង​ៗ ដែល​ឃើញ​អំពើ​បៀតបៀន​បែប​ហ្នឹង សូមកុំ​គ្រាន់តែ​យក​ភ្នែក​មើល​អ្វី សុំ​ជួយ​គេ​ផង ក្នុង​ស្ថានភាព​បែប​ហ្នឹង ពួក​យើង​ត្រូវការ​ជំនួយ​ខ្លាំង​ណាស់ ។

ម្នាក់ឯង​ស្លន់​ពេក ចាំ​លេខ​តូប​មិន​បាន មិន​បាន​ថតរូប ព្រោះ​ញ័រ​សូ​ម្បី​កាបូប ក៏​កាន់​មិន​ចង់​ជាប់​ផង កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ ៕

crt

Leave a Reply

Your email address will not be published.