ព័ត៌មានជាតិ

បញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើត ដោយមិនយកប្រាក់

បញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើត ដោយមិនយកប្រាក់

 

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំ នឹងចូលមកដល់នៅថ្ងៃទី១៤មេសា។

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោក ឃួង ស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ទៅស្រុកកំណើតតាមខេត្តក្រុង នានាដោយសាលារាជធានីភ្នំពេញ បានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។

លោកអភិបាលបានថ្លែងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន៧០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំ ពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេល វេលាច្បាស់លាស់។

ក្នុងនោះ មានផ្លូវជាតិលេខ១មានភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿងមានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀងរថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ភ្នំពេញ-កណ្តាល, ភ្នំពេញ-តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ។ ផ្លូវជាតិលេខ៣ភ្នំពេញ-កែប, ភ្នំពេញ-កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍ មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។

ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍ មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិ៍សាត់, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-បន្ទាយមានជ័យ , ភ្នំពេញ-កំពង់ធំ រថយន្តសរុប១១៨គ្រឿង ទីតាំងចំណត គឺស្ថានីយ៍ចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦ លេខ៧ភ្នំពេញ-កំពង់ចាម, ភ្នំពេញ-ត្បូងឃ្មុំ រថយន្ត១០គ្រឿង។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃ សេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ, សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕

crt

Leave a Reply

Your email address will not be published.