ព័ត៌មានជាតិ

កម្មករ-កម្មារិនីរោងចក្រ Y&W និង សម្ព័ន្ធសហជីពជាតិ ស្ញប់ស្ញែងនិងដឹងគុណរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

រាជធានីភ្នំពេញ ៖ កម្មករ-កម្មារិនីនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ ។

កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា ៖ «ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យ ក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ» ។

លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ ។

ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយដ៏សមស្របមួយ ។ លោកស្រីថា ៖ «ខ្ញុំមិននឹកស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករពួកខ្ញុំ ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗនេះ» ។

ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មើលឃើញថា ការបំពេញការងារទាំងថ្ងៃសៅរ៍ អាទិត្យ ទាំងយប់ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេសអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនៅពេលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត ។

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ ។ ក្នុងនោះគិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ នេះមានកម្មករនិយោជិតនៃរោងចក្រ Y&W សរុបចំនួន ៣៧២៤ នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ។
ដោយឡែកកម្មករនិយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្តីណែនាំ ៕

crt

Leave a Reply

Your email address will not be published.