ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំប្រចាំត្រីមាសរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីដោះស្រាយរាល់បញ្ហាចៀសវាងរក្សាទុកបញ្ហាក្នុងចិត្តដោយមិនបានដោះស្រាយ

រាជធានីភ្នំពេញ៖ កិច្ចប្រជុំត្រូវធ្វើឡើងនៅរៀងរាល់៣ខែម្តងសម្រាប់ថ្នាក់ដឹកនាំចាប់ពីប្រធានការិយាល័យឡើងទៅ រហូតដល់ថ្នាក់ដឹកនាំរបស់ក្រសួង ដែលជាការជួបគ្នាដើម្បីពិនិត្យមើលកិច្ចការងារដែលក្រសួងបានអនុវត្តន៍ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលក្រសួងបានជួបប្រទះ ដើម្បីយើងដាក់ទិសដៅទៅត្រីមាសខាងមុខទៀត ដោះស្រាយបញ្ហាឱ្យបានល្អ ដំណើរការទៅបានដោយរលូន ចៀសវាងកុំទុកឱ្យបញ្ហាដែលបានកើតមាន ប៉ុន្តែមិនបានដោះស្រាយ ហើយបែរជារក្សាវាទុកនៅតែក្នុងចិត្តទៅវិញ។

នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានហៅការប្រជុំថ្ងៃនេះថា ជាវេទិកាសាធារណៈមួយរវាងថ្នាក់ដឹកនាំជាមួយមន្ត្រី ដើម្បីជជែកគ្នាដោះស្រាយបញ្ហាធ្វើឱ្យមានភាពប្រសើរឡើងនូវការងាររបស់យើង ដែលនេះគឺជាការជួបគ្នា ដើម្បីជជែកគ្នាដោយ មិនប្រកាន់ពីឋានៈ តួនាទីអ្វីទាំងអស់ តែគ្រាន់តែយើងត្រូវអនុវត្តន៍នូវតួនាទី ភារកិច្ចទៅតាមឋានានុក្រម។

ក្រៅអំពីនេះត្រូវដកតួនាទីចេញ ទុកគ្នាជាបង ជាប្អូន ជាក្មួយ ជាអ៊ុ ជាពូ ជាមីង ឬជាសាច់ញាតិ ក្នុងការបញ្ចេញជាមតិយោបល់បានដោយបើកចំហ ដោយយើងអាចលើកឡើងអំពីការដឹកនាំ របស់ថ្នាក់ដឹកនាំនៅគ្រប់បណ្តា អង្គភាពទាំងអស់បាន ដើម្បីជាការឆ្លុះបញ្ចាំងពីផ្ទៃក្នុងរបស់យើងថាតើយើង មានបញ្ហាអ្វីខ្លះដែលបានជួបប្រទះ ដើម្បីយើងមានដំណោះស្រាយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «មន្ត្រីរបស់យើងក៏អាចលើកជា គំនិតបន្ថែមដែលជាការឆ្លុះបញ្ចាំងពីថ្នាក់ក្រោមមកវិញក៏ជាការបំពេញគ្នាទៅវិញទៅមកផងដែរ តែជាមួយគ្នានេះយើងក៏ត្រូវមានមោទនភាពជាមួយនឹងការរីកចម្រើន របស់យើងផងដែរ ដែលនេះគឺជាចំណុចរួម របស់យើង»។

ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា នេះគឺជាវេទិកាបើកទូលាយ ដើម្បីកែលម្អសម្រាប់ការវាយតម្លៃចំពោះខ្លួនឯង ដែលក្រសួង ស្ថាប័ននីមួយៗ ត្រូវធ្វើពីរបាយការណ៍អំពីវឌ្ឍនភាពជូនរាជរដ្ឋាភិបាល។ លោកបានបន្ថែមថា៖ «យើងអាចកាត់បន្ថយនូវរាល់បញ្ហាបានដោយខ្លួនយើង តាមរយៈការប្រជុំត្រួតពិនិត្យស្វ័យទិតៀនខ្លួនឯង ដើម្បីឱ្យយើងមានភាពរីកចម្រើនទៅមុខ កុំឱ្យទុកវាយូរ»។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានលើកឡើងពីការវិវឌ្ឍរបស់រាជរដ្ឋាភិបាលជាមួយការចូលដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលយើងឃើញថា ដំណើរការនៃការដឹកនាំរបស់អ្នកបន្តវេនមានសកម្មភាពយ៉ាងមមាញឹកបន្តពីអ្នកដឹកនាំជំនាន់មុនដែលមានរយៈពេល ៤៥ឆ្នាំ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាអម្រែកមួយយ៉ាងធ្ងន់បំផុតសម្រាប់ការដឹកនាំ របស់អ្នកជំនាន់មុន តែអម្រែកសម្រាប់អ្នកបន្តវេនមិនសូវជាធ្ងន់ដូចអម្រែកអ្នកជំនាន់មុនប៉ុន្មានទេ ដែលលំបាកទី ១. គឺក្នុងបរិបទដែលកម្ពុជាទើបងើបពីបាតដៃទទេ ហើយខិតខំប្រឹងប្រែងកសាងដើម្បីឱ្យប្រជាជនរស់។ លំបាកទី ២. ត្រូវទប់ទល់ជាមួយកម្លាំងអមិត្តត្រីភាគីដែលព្យាយាមនៅក្នុងការឡើងមកកាន់អំណាចនៅគ្រប់ពេលវេលា។ លំបាកទី៣. ការប្រឈមជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច និងការទូត។ លំបាក ទី៤. គឺពាក់ព័ន្ធទៅនឹងបញ្ហាផ្ទៃក្នុងនៃដំណើរការកសាងជាតិជាមួយនឹងប្រជាជនដែលបាក់កម្លាំងជាមួយនឹងធនធានមនុស្សដែលមានកម្រិត ជាមួយនឹងធនធានសម្ភារដែលខ្វះខាត៕

crt

Leave a Reply

Your email address will not be published.