ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្តេជ្ញាថា ៖ នឹងទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការដឹកនាំ ស្ថាប័នព្រឹទ្ធសភា

រាជធានីភ្នំពេញ ៖ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា និងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ។

សម្តេចតេជោ បានបន្តថា ចាប់តាំងពីពេលចាប់បដិសន្ធិមក ព្រឹទ្ធសភាបានបង្ហាញឱ្យឃើញនូវសមត្ថភាពវិសេសវិសាល ភាពចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបម្រើប្រយោជន៍ស្នូលរបស់ប្រទេសជាតិ និងប្រជាជនយើងសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរឱ្យស្ញប់ស្ញែងជាច្រើន ក្នុងពេលអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺ មុខងារនិតីកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹទ្ធសភាក៏ដើរតួនាទីនយោបាយដ៏សំខាន់ក្នុងប្រទេស ដោយសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយដែលអាចកើតមានជាយថាហេតុ។ ក្នុងឋានៈជាសហស្ថាបនិកក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភានេះឡើង សូមយកឱកាសដ៏កម្រនេះ រំឭកពីសារៈសំខាន់ផ្នែកនយោបាយនៃការបង្កើតព្រឹទ្ធសភាក្នុងការដោះស្រាយ វិបត្តិនយោបាយ ដែលបានបង្កឱ្យមានការគំរាមកំហែងដ៏ធំមួយដល់ឯកភាព និងស្ថិរភាពជាតិ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២។ សុឆន្ទៈរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម តាមកិច្ចព្រមព្រៀង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្នុងការទទួលយកការដឹកនាំស្ថាប័នកំពូលនេះនៅឆ្នាំ១៩៩៩ បានបើកច្រកឱ្យមានដំណោះស្រាយនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនានាដែលជាប់ឆ្នោត។ ចាប់ពីពេលនោះមក ព្រឹទ្ធសភាបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការធ្វើជាតំណាង និងការពារផលប្រយោជន៍របស់ប្រជាជន និងក្នុងការធានាថាសំឡេងរបស់គាត់ត្រូវបានគោរពនៅក្នុងដំណើរការតាក់តែងច្បាប់នានា។ តាមរយៈការពិនិត្យយ៉ាងហ្មត់ចត់ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នានា ព្រឹទ្ធសភាក៏ផ្តល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ធានាថាសេចក្តីសម្រេចនានាត្រូវបានធ្វើឡើងដោយឆ្លុះបញ្ចាំងពីគុណតម្លៃ និងបំណងប្រាថ្នារបស់សង្គមជាតិ និងប្រជាពលរដ្ឋយើង ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង។ សព្វថ្ងៃនេះ ពិភពលោកមានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់ណាស់ដែលយើងត្រូវពង្រឹងទំនាក់ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិនានា និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញបន្ថែមពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក ។

សម្តេចតេជោ បន្តទៀតថា អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំថ្ងៃ ជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។ យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។ ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់ និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថា ពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ ៕

crt

Leave a Reply

Your email address will not be published.