ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីកម្ពុជា ៖ ចិនមិនមែនជាអ្នកផ្តួចផ្តើមគំនិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោឡើយ

រាជធានីភ្នំពេញ ៖ ដើម្បីអស់ចម្ងល់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា គម្រោងជីកព្រែកនេះ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិនឡើយ ។

សម្ដេចតេជោ បានមានប្រសាសន៍ ដើម្បីឆ្លើយតបទៅនឹងកាសែតបរទេសដែលបានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិនក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» ជាសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានាចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេងក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។


សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ៖ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន ។ សម្ដេចតេជោ បានគូសបញ្ជាក់ឡើងវិញថា ៖ « គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ ។ សម្ដេចជំទាស់យ៉ាងដាច់ណាត់ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា ៖ គម្រោងព្រែកជីកនេះជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន » ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះមកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន ។ ជាងនេះសម្ដេចតេជោ សម្ដែងការសោកស្ដាយដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះបែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានបញ្ជាក់ថា ៖ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន ។

សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ៖ « តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះនឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្តទិសនីរតីនៃប្រទេសកម្ពុជា ។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជា ការធ្វើកសិកម្មពីធ្វើមួយលើកទៅធ្វើពីរលើក ឬលើសពីនេះ » ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា ៖ កម្ពុជាមិនល្ងង់រហូតដល់សុខចិត្តទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ ។ អ៊ីចឹងផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះការដាំដើមឈើដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ » ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖ តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សាក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជានៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ ។
សម្ដេចតេជោ ជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង ។ សម្ដេចតេជោ ក៏ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភលើឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនរបស់កម្ពុជា ។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្ត្រនយោបាយក្នុងតំបន់ ។


សម្ដេចតេជោ ចង្អុលបង្ហាញថា ៖ ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនោះ គឺ ការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ។

សម្តេចបានគូសបញ្ជាក់ថា ៖
«ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិន មិនបានដឹងរឿងនេះទេ ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជាបានស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ» ។ ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខណ្ឌយុទ្ធសាស្ដ្រនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជាសុទ្ធសាធ» ។

crt

Leave a Reply

Your email address will not be published.