ព័ត៌មានជាតិ

ពិធីបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ប្រារព្ធធ្វើឡើងនៅភ្នំជុំសែនរីករាយ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌»

រាជធានីភ្នំពេញ ៖ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង២ពាន់នាក់អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងរថក្រោះ រថពាសដែក រថយន្តជិត៨០គ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង ព្រមទាំងសម្ភារៈយោធាជាច្រើនទៀតនឹងបង្ហាញខ្លួនក្នុងសមយុទ្ធ «នាគមាស» កាលពីថ្ងៃទី១៦ ដល់៣០ ខែឧសភា។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះ គឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ និងការផ្សព្វផ្សាយព័ត៌មាន នៅលើហ្វេសប៊ុកផេករបស់ក្រសួងការពារជាតិ  ។


លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាសលើកទី៦ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោកត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសម្រាប់សមយុទ្ធនៅលើផ្ទៃសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់ គឺ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន៧៦០នាក់ ។ ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន ៖ រថក្រោះ រថពាសដែក រថយន្តគ្រប់ប្រភេទចំនួន៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀតហើយសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន០២គ្រឿង» ។

សម្រាប់ពិធីបើកសមយុទ្ធនាគមាសនេះ ភាគីកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំណែកភាគីចិន គឺលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ។

នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឡើងលើទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូង កាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ ។

សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ ។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនេះនៅក្នុងគោលបំណងយោងតាមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិនប្រចាំឆ្នាំ ដូចដែលធ្លាប់បានធ្វើ៥ លើករួចមកហើយ គឺផ្តោតសំខាន់ទៅលើប្រធានបទ ការប្រឆាំងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជា ពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មនៅក្នុងស្រុកនីមួយៗ និងនៅក្នុងតំបន់ផងដែរ ហើយការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ ។

សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹក បន្ថែមទៀតក្នុងនោះភាគីទាំងពីរនឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿងជាដើម ។


អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងយោធពល ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ ។ កម្ពុជាស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្តដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែត្រូវគោរពសិទ្ធិរបស់កម្ពុជា ៕

crt

Leave a Reply

Your email address will not be published.