ព័ត៌មានជាតិ

ផ្ទះលោក សម រង្ស៉ី ដែលតុលាការរឹបអូស ត្រូវបានលក់ក្នុងតម្លៃជាង ១.៦លានដុល្លារ ដើម្បីសងជំងឺចិត្តដើមបណ្តឹង, សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតាមពិនិត្យមើលថែមទៀត ខណៈទើបតែទទួលបានសំណងជំងឺចិត្តជាង ៧សែនដុល្លារ 

ផ្ទះលោក សម រង្ស៉ី ដែលតុលាការរឹបអូស ត្រូវបានលក់ក្នុងតម្លៃជាង ១.៦លានដុល្លារ ដើម្បីសងជំងឺចិត្តដើមបណ្តឹង, សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតាមពិនិត្យមើលថែមទៀត ខណៈទើបតែទទួលបានសំណងជំងឺចិត្តជាង ៧សែនដុល្លារ

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជំរុញឱ្យតាមពិនិត្យមើលប្រាក់សងជំងឺចិត្តចំពោះបទបរិហារកេរ្តិ៍ថែមទៀត ខណៈដែលសម្តេចទើបតែទទួលបានប្រាក់សំណងនេះជាង៧សែនដុល្លារប៉ុណ្ណោះ ពីការលក់ផ្ទះរបស់លោក សម រង្ស៉ី (អតីតស្នាក់ការគណបក្ស) ដោយនៅខ្វះប្រមាណ៣សែនដុល្លារទៀត ក្នុងការទាមទារសំណងជំងឺចិត្ត១លានដុល្លារ។

ផ្ទះរបស់លោក សម រង្ស៉ី ដែលជាអតីតទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតុលាការរឹបអូសកន្លងមក ត្រូវបានលក់ទៅឱ្យភាគីមួយ កាលពីពេលកន្លងទៅនេះ ក្នុងតម្លៃ ១ ៦៥២ ០០០ ដុល្លារអាមេរិក ដើម្បីសងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤ភាគី និងផាកពិន័យតាមដីកាតុលាការ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍បន្តបន្ទាប់កន្លងទៅ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង ៤៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ស្នាក់ការរបស់ហ្អែងលក់បាត់ហើយ មិនមែនស្នាក់ការទេ ដីរបស់ហ្អែងលក់ ហ្អែងខ្វះទៀត លក់បាត់…ហ្អែងពូកែទៅ តាមមើលទៀតនរណាត្រូវសងជំងឺចិត្តអីយ៉ាងម៉េចត្រូវសង ខ្ញុំបាន៧សែនដែរ ព្រោះខ្ញុំទារ១លាន ឥឡូវនៅជំពាក់ខ្ញុំ៣សែនទៀត តាមទារអាហ្នឹង»។

លុយដែលបានមកពីការលក់ផ្ទះ ទណ្ឌិត សម រង្ស៉ី ដើម្បីសងជំងឺចិត្តដើមបណ្តឹង បានចំនួន ១ ៦៥២ ០០០ដុល្លារនោះ ត្រូវបានយកមកសង ម្ចាស់បំណុលដូចជា៖ ១៖ សម្តេចតេជោ ហ៊ុន សែន ចំនួន ៧៧៥ ១៨២.៧១ដុល្លារ, ២៖ សម្ដេច ហេង សំរិន ចំនួន ៤៨ ៤៤៨.២៨ដុល្លារ, ៣៖ សម្ដេចក្រឡាហោម ស ខេង ចំនួន ៣៨៧ ៥៨៦.៣៥ដុល្លារ, ៤៖ រាជរដ្ឋាភិបាល ចំំនួន ៤៣៤ ៩៩២.៧៥ដុល្លារ, ៥៖ រតនាគារជាតិរាជធានីភ្នំពេញ ចំនួន៥ ៧៩៩.៩ដុល្លារ។

ទោះជាយ៉ាងនេះក្តី ថវិកាដែលបានមកពីលក់ផ្ទះ លោក សម រង្ស៉ី មិនទាន់គ្រប់ចំនួនសំណងជំងឺចិត្តដល់ដើមបណ្តឹង៤ភាគីនោះឡើយ ខណៈដែលសំណងដែលត្រូវសងមានទឹកប្រាក់សរុបចំនួន ២ ០១២ ៥០០ ដុល្លារអាមេរិក ប៉ុន្តែទ្រព្យរបស់ លោក សម រង្សី លក់បានចំនួន ១ ៦៥២ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ ទ្រព្យសម្បត្តិរបស់ លោក សម រង្ស៉ី ដែលលក់បានហើយយកមកសងម្ចាស់បំណុល គឺនៅខ្វះចំនួន ៣៦០ ៥០០ ដុល្លារអាមេរិកថែមទៀត នៃបំណុលសរុប។

ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «រឿងហ្នឹងត្រូវតែធ្វើ ហ្អែងដើរបរិហាកេរ្តិ៍ គេទារជំងឺចិត្តវាជារឿងធម្មតា មើល៍​ ! បំបាត់វប្បធម៌ “ឱ្យតែក្រោយបោះឆ្នោតឯងក្លាយទៅជាចោររហូត” ឥឡូវអាអ្នកដែលចោទគេថាជាចោរហ្នឹង ត្រូវតែសងជំងឺចិត្តដល់អ្នកដែលអ្នកឯងចោទគេ មិនមែនជាសិទ្ធិបញ្ចេញមតិទេ អញ្ចឹងគណបក្សជាជនជាចោរមួយជីវិត ត្រូវបំបាត់អាហ្នឹងមួយចោល»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការដាក់ចេញគោលនយោបាយរបស់ លោក សម រង្ស៉ី «មានស៊ីអត់សែន មានសែនអត់ស៊ី» កាលពីឆ្នាំ២០០៣ នៅខេត្តសៀមរាប ដោយសម្តេចលើកឡើងថា «ឥឡូវកំពុងមានសែនអត់ស៊ី»។

«បោះឆ្នោតនៅហ្នឹង បោះពីម៉ោង៧ព្រឹកនាំគ្នាចូលបោះ ម៉ោង៣ល្ងាចបិទរួចហើយរាប់ជាមួយគ្នា រួចហើយវាថាឯងចោរលួចសន្លឹកឆ្នោត អញ្ចឹងបើចោរ​រហូត ឱ្យតែនរណានិយាយចោរគឺថាប្តឹងអាហ្នឹង អត់មានទុកទេពីថ្ងៃនេះទៅ លេងអាហ្នឹងតែម្តង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចនាយករដ្ឋមន្ត្រី។

សំណងជំងឺចិត្តនេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថានឹងយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត ឬយកទៅជួយប្រជាជនក្រីក្រ។ សម្តេចបានបញ្ជាក់ថា ៧សែនដែលសម្តេចទទួលបានពីការសងជំងឺចិត្ត ត្រូវបានដាក់បញ្ចូលគណនេយ្យមេធាវីសម្រាប់ការពារក្តីឱ្យជនក្រីក្ររួចហើយ។

សម្តេចបានចាត់ទុកថា នេះជាការលុបបំបាត់វប្បធម៌លាពណ៌ក្រោយការប​ោះឆ្នោត «ថាឯងជាចោរ»។

សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់ កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។

ទណ្ឌិត សម រង្ស៉ី ក៏ត្រូវបានប្តឹងដោយសម្តេច ហេង សំរិន ផងដែរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះវីដេអូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ដោយចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយ សម្តេច ហេង សំរិន តាមរយៈការបំភ្លៃថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។

លោកក៏ត្រូវបានប្តឹងដោយក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីបានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង៕

crt

Leave a Reply

Your email address will not be published.