ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រំលេចជាថ្មីល្បិចកលប្រជាភិថុតិរបស់ក្រុមប្រឆាំង «ចូលផ្សារសន្យាឲ្យអង្ករចុះថោក តែចុះស្រែបែរសន្យាឲ្យស្រូវឡើងថ្លៃ

សម្តេចតេជោ ហ៊ុន សែន រំលេចជាថ្មីល្បិចកលប្រជាភិថុតិរបស់ក្រុមប្រឆាំង «ចូលផ្សារសន្យាឲ្យអង្ករចុះថោក តែចុះស្រែបែរសន្យាឲ្យស្រូវឡើងថ្លៃ

(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ជាថ្មីម្តងទៀត បានលើកឡើងពីល្បិចកិច្ចកលរបស់ក្រុមប្រឆាំង ក្នុងការធ្វើប្រជាភិថុតិពាក់ព័ន្ធវិស័យកសិកម្ម ដោយនៅពេលពួកគេចូលផ្សារ សន្យាធ្វើឱ្យអង្ករចុះថោក ហើយពេលចុះស្រែសន្យានឹងកសិករធ្វើឱ្យស្រូវឡើងថ្លៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ការសន្យាបែបប្រជាភិថុតិនេះ មានតែបក្សប្រឆាំងទេ ដែលអាចធ្វើទៅបាន រាជរដ្ឋាភិបាលមិនអាចធ្វើបានទេ។

សម្តេចបានបន្ថែមទៀតថា វិស័យកសិកម្មនៅពេលបច្ចុប្បន្ននេះ គឺជួបបញ្ហាពិបាកដោយនៅពេលផលិតបាន ប៉ុន្តែគ្មានទីផ្សារ បញ្ហាលំបាកនេះហើយ ដែលធ្វើឲ្យអ្នកនយោបាយ ទាញយកផលចំណេញរបស់ពួកគេ តាមរយៈការសន្យាបែបប្រជាភិថុតិ។

ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថ្លឹងថ្លែងឲ្យបានម៉ត់ចត់ ចំពោះការចេះតែដើរសន្យាបែបប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយ។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាដែលលំបាកនាពេលបច្ចុប្បន្ន គឺការផលិតហើយគ្មានទីផ្សារ នេះជាបញ្ហាដ៏លំបាក ដែលធ្វើឲ្យអ្នកដែលទាញចំណេញខាងនយោបាយ ត្រឹមតែដីមួយគីឡូម៉ែត្រទេ គេអាចទាញចំណេញបានដល់ទៅពីរ។ ចូលទៅក្នុងផ្សារគេសួរថ្លៃអង្ករ អង្ករមួយគីឡូប៉ុន្មាន ឧទាហរណ៍ មួយគីឡូ២០០០រៀល គេថាថ្លៃៗណាស់ៗ បើគេធ្វើនាយករដ្ឋមន្ត្រី បក្សគេដឹកនាំរដ្ឋាភិបាល នឹងធ្វើឲ្យអង្ករមួយគីឡូត្រឹមតែ១៥០០រៀលទេ។ ដល់ពេលចេញពីផ្សារមកដល់វាលស្រែ គេទៅសួរកសិករថា ស្រូវមួយគីឡូប៉ុន្មាន កសិករឆ្លើយថា មួយគីឡូ១០០០រៀល គេថោកណាស់ បើសិនគេធ្វើនាយករដ្ឋមន្ត្រី ឬបក្សគេកាន់រដ្ឋាភិបាល នឹងធ្វើឲ្យតម្លៃស្រូវក្នុងមួយគីឡូឡើងដល់ ២០០០រៀល។ អីចឹងបានថា ធ្វើរាជរដ្ឋាភិបាលវាមិនស្រួលទេ សូមប្រជាពលរដ្ឋរបស់យើង យោគយល់»។

សម្តេតេជោបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តខិតខំបន្ថែមទៀត ដើម្បីស្វែងរកទីផ្សារជូនកសិករ តាមរយៈការចរចា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាំងទ្វេភាគីក្តី និងពហុភាគីក្តី ក្នុងនោះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ ផលិតផលកសិកកម្មរបស់កម្ពុជា កាន់តែច្រើនឡើង បានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន និងកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមាន នាពេលថ្មីៗនេះ ក៏នឹងក្លាយទីផ្សារដ៏ធំរបស់កម្ពុជា។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងអាសិប ដែលមានអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ក៏រួមចំណែកដល់ការពង្រីកទីផ្សារកសិផលកម្ពុជាផងដែរ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផល ទទួលបានចំណូលមានចំនួន ៣ ០៦៩ ៩៧២ ៣៤៩ដុល្លារអាមេរិក ដែលក្នុងនោះ៖

* ការនាំចេញអង្ករមានបរិមាណចំនួន ៥០៩ ២៤៩តោន កើនឡើង៤៩ ០៨០តោន (១០.៦៧%) មានទឹកប្រាក់ ៤៣៥ ៤០៧ ៨៩៥ដុល្លារ
* ការនាំចេញស្រូវមានបរិមា ២ ៤៤០ ១១២តោន ថយចុះចំនួន២១៩ ៨៧៨តោន (-៨.២៧%) មានទឹកប្រាក់ ៤៩២ ៩០២ ៦២៤ដុល្លារ
* ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានបរិមាណ ៤ ៦៦៩ ៩៧៤តោន កើនឡើងចំនួន ៤៤៨ ៨២១តោន (១០.៦៣%) មានទឹកប្រាក់ ២ ១៤១ ៦៦១ ៨៣០ដុល្លារ៕

crt

Leave a Reply

Your email address will not be published.