រោងចក្រផលិតបារីចិនគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នឹងសង្ស័យថា!!! នាំចូលគ្រឿងផ្សំធនជាតិថ្នាំជក់ពីប្រទេសឡាវ, ជះឥទិ្ធពល សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានពីការផលិត បាត់ពន្ធចូលជាតិយ៉ាងសន្ធឹកសន្ធាប់ ស្នេីក្រសួងពាក់ពន្ធ័ចុះមេត្តាចុះអធិការកិច្ច

CRT News

 






ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
(វគ្គ២)

ខេត្តតាកែវ ÷ ស្ថិតនៅលើផ្ទៃដីរាប់រយហិចតា នៃឃុំកណ្តឹង ស្រុកបាទី ក្រោមការអភិវឌ្ឍនិងរីកចម្រើនគ្រប់វិស័យ នៃយុទ្ធសាស្ត្រគួកជេ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧ នេះ នាំមកនូវអ្នកវិនិយោគគិន ពីបណ្តាប្រទេសនានា នៅលើសកលលោក មកវិនិយោគទុន្ន និងបណ្តាក់ទុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងច្រើនកុះករផងដែរ ។

ជាក់ស្តែងសហគ្រាសជាច្រើនរីកស្គុះស្គាយ នៃឃុំកណ្តឹង ដែលសហគ្រាសទាំងអស់នោះរួមមាន ÷ រោងចក្រកាត់ដេរសំលៀកបំពាក់ ,អគារសម្រាប់ជនបរទេសស្នាក់នៅ ផ្សេងៗ ក្នុងនោះទៀតសោត ក៏មានរោងចក្រផលិតបារីចិន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសង្ស័យថា! នាំចូលនូវគ្រឿងផ្សំ ក៏ដូចជាបម្លែងជាបារីចិន នាំមកពីប្រទេសឡាវ និងក្រោយពីផលិតផលសំរេចចេញជាបារីចិនរួចហើយ នាំចេញយកទៅប្រទេសចិន ដោយលក់បានថ្លៃកប់ពពក តម្លៃចាប់ពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុង១កព្ចាប់។

ទីតាំងរោងចក្រផលិតបារីចិនគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នឹងសង្ស័យថា! នាំចូលនូវគ្រឿងផ្សំធនជាតិថ្នាំជក់ពីប្រទេសឡាវ ដែលបណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន (ឃុំកណ្តឹង) នឹងធ្វេីអោយបាត់ពន្ធនិងចំណូលចូលជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺស្ថិតនៅក្នុង ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានបានឱ្យបណ្តាញផ្សព្វផ្សាយ CRT News យេីងដឹងថា ÷ ទីតាំងខាងលើនេះមិនត្រូវបានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ចូលបំរើការងារនៅទីនោះឡើយ ដោយកម្មករ កម្មការនី គឺនៅយកមកពីតំបន់ផ្សេង ខេត្តផ្សេងៗ ដោយស្នាក់នៅក្នុងរោងចក្របារី ឬផ្ទះថៅកែរោងចក្របារីចិននេះ ដែលធ្វើសម្រាប់អោយកម្មករស្នាក់នៅជាបន្ទប់ៗ ហើយការចេញក្នុងរោងចក្រផលិតបារីចិននេះទៀតសោធ គឺមិនត្រូវអោយចេញចូលឬដេីររហេតរហូតនោះឡេីយ ហើយរាល់ទំនិញចេញចូលទៀតសោត ក៏មានមេការឬចាំបេីកទ្វារមេីលផ្លូវ ប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយខ្លាចក្រុមអ្នកកាសែតចាំឃ្លាំមេីលឬចាំថតផ្តិតយករូបភាពបាន ឬមានគីញមកសុីបការណ៍។

បងប្អូនប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា ÷ រោងចក្រផលិតបារីចិននេះ សម្រុកធ្វេីនិងផលិតផលបារីចិនគឺទាំងពេលថ្ងៃ និងជាពិសេសនៅពេលយប់ ដែលជាអំណោយផលល្អសំរាប់ក្រុមឈ្មួញ ដែលសម្រុកតាមតម្រូវការទីផ្សារនៅក្រៅប្រទេស ព្រោះបានថ្លៃណាស់ជាពិសេសតម្រូវការរបស់អតិថិជនជនជាតិចិន ដោយលក់បានថ្លៃកប់ពពក តម្លៃចាប់ពី ៣០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុង១កព្ចាប់តូច។

បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំកណ្តឹង បានឲ្យដឹងបន្តនិងត្អញត្អែរ ប្រាប់បណ្តាញសារព័ត៌មាន CRT News យេីងទៀតថា ÷ សព្វថ្ងៃនេះពួកគាត់ពិបាករស់នៅខ្លាំងណាស់ ដែលពាក់ព័ន្ធទៅនឹងខ្យល់ដកដង្ហើមចេញចូល ជាពិសេសកូនៗរបស់ពួកគាត់ នៅតូចៗដែលគ្នាពុំដឹងខ្សល់អី ត្រូវរងនូវ ផ្សែងចេញពីឡឪស្ម័ន ផលិតបារីចិននេះ ។ ផលប៉ះពាល់នេះមិនមែនមានតែថ្មីៗនេះទេ គឺមានរាប់ឆ្នាំកន្លងមកហេីយ ដោយពួកគាត់បន្តនិយាយថែមទៀតថា ថ្ងៃទៅមុខទៀតគាត់និងកូនៗចៅៗ ច្បាស់ជាមានបញ្ហាជំងឺសួតជាក់ជាមិនខានឡើយ ។

ពាក់ព័ន្ធករណីរោងចក្រផលិតបារីចិនគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នេះផងដែរ បណ្តាញផ្សព្វផ្សាយព័ត៌មាន CRT News យេីងបានសុំកិច្ចសម្ភាសន៍ពី លោកពូ ស្រី សំបូរ មេឃុំកណ្តឹង ដោយពូបានបព្ជាក់ថា÷ ឃុំគ្រាន់តែទទួលបព្ជាក់ពីទីតាំងនៃទីតាំងដែលត្រូវសាងសង់តែប៉ុណ្ណោះ រីឯរាល់អាជីវកម្មផ្សេងៗ ដែលម្ចាស់សហគ្រាសនោះត្រូវធ្វើឬប្រកបរបរផ្សេងៗ មិនទាក់ទងទៅនឹងឃុំលោកនោះទេ ដោយលោកពូ បន្តអោយសួរនាំទៅខាងរដ្ឋបាលសាលាស្រុកបាទីជាបន្តទៀត។

ដោយឡែក លោក ឡុច សំណាង មេភូមិកណ្តឹងធំ បានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាព CRT News យើងថា ÷ ដោយមុខដំបូងហាក់បង្វែរថា មិនមែនមូលដ្ឋានភូមិរបស់លោក (ស្មានថាយេីងមិនច្បាស់) ប៉ុន្តែអ្វីដែលយើងសង្កត់ចំគោលដៅនិងច្បាស់លាស់ជាភូមិកណ្តឹងធំ ទេីបលោកឆ្លើយវិញថា÷ គេធ្វើប៉ុណ្ណេះមានច្បាប់ពីខាងលេីមកហេីយ ប៉ុន្តែខណៈដែលពត៌មានយេីងបន្តសួរនាំបន្ថែមទៀតពាក់ព័ន្ធច្បាប់ទម្លាប់ និងប្រភពពីថ្នាំនាំចូលពីប្រទេសណា? ខេត្តណា? លោកថាមិនដឹងនោះទេ ។ ពត៌មានយើងបន្តសួរទៀតថា÷ តេីលោកមេភូមិមានដឹងថាប៉៉ះពាល់ប្រជាពលរដ្ឋដែរឬទេ? លោកថា÷ ប៉ះពាល់ខ្លាំងភូមិពូនភ្នំ និង ភូមិត្រពាំងសាប ព្រោះនៅខាងក្រោមខ្យល់ ពីរោងចក្រផលិតថ្មាំជាបារីចិន នេះ ដោយលោកមេភូមិ បានអោយយេីងសួរខាងឃុំ ពាក់ព័ន្ធពត៌មានបន្ថែម។

អង្គភាពសារព័ត៌មាន CRT News យើង បានបន្តទាក់ទងទៅ លោក ភួង ឈីម អភិបាលស្រុកបាទី តាមរយះលេខទូរស័ព្ទ 012 802 801
ប៉ុន្តែមិនអាចទំនាក់ទំនងចូលដដែលនាថ្ងៃទី១៩ ធ្នាំ ២០២៤ នេះ ព្រោះទូរស័ព្ទរបស់លោក ត្រូវបានបិទ ។

CRT News យើងបន្តកិច្ចសម្ភាសន៍ជាមួយ លោក ប៉ែន ជិន តុលា នាយករដ្ឋបាលស្រុកបាទី
ដោយលោកបានតបវិញថា មានច្បាប់ដល់ខាងលេី ប៉ុន្តែលោកជាប់រវល់នៅខាងក្រៅ មិនបាននៅកន្លែងធ្វេីការនោះទេ។

បណ្តាញផ្សព្វផ្សាយពត័មាន CRT News យើងបន្តសុំកិច្ចសម្ភាសន៍ពីលោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ ដោយលោកប្រាប់ថារវល់ប្រជុំ ហើយលោកបង្វែរអោយសួរខាងអ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវ វិញ ។

អង្គភាពសារពត័មាន CRT News យើង សុំកិច្ចសម្ភាសន៍ពី លោក មុី ផល្លា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ខេត្តតាកែវ ដោយលោកប្រាប់យេីងវិញថា ÷ សូមអោយខាងអង្គភាព CRT News យេីងចាត់សហការីតំណាងចូលសួរនាំខាងមន្ទីរបស់លោក ដោយលោកមិនអាចនិយាយតាមទូរស័ព្ទបានទេ ហើយលោក មុី ផល្លា បន្ថែមទៀតថា លោកកំពុងរវល់ប្រកាសតែងតាំង ប្រធានមន្ទីរប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ខេត្តតាកែវ ដែលទេីបនិងឡើងថ្មី នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

ខណៈ លោក ឃុត ចំរេីន ឆ្លើយតប សារព័ត៌មាន CRT News តាមប្រព័ន្ធតេឡេក្រាម និងផ្ញើរ អាជ្ញាប័ណ្ណ ដែលចេញដោយក្រសួងពាណិជ្ជកម្ម របស់រោងចក្រផលិតចិន នេះ តែមួយសន្លឹកប៉ុណ្ណោះ ហើយសារព័ត៌មានសួរនាំតេីមានក្រសួងពាក់ព័ន្ធផ្សេងៗទៀតទេ? ដូចជា ÷ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ  ក្រសួងបរិស្ថាន, រួមមានប័ណ្ណប៉ាតង់ ជាដេីម។ល។ លោក ឃុត ចំរេីន តបវិញ ថា÷ ចាំសួរលោកប្រធានគាត់សិន (ប្រធានមន្ទី) តែលោកមិនបានផ្ញើបន្ថែមនោះទេ ។ ប៉ុន្តែ លោក ឃុត ចំរេីន
បានបព្ជាក់ប្រាប់សារព័ត៌មានយេីងអោយដឹងដែរថា÷ រោងចក្រផលិតបារី ដែលស្ថិតក្នុង ភូមិកណ្តឹងធំ នេះ មានចំនួន៤ទីតាំងផ្សេងៗគ្នា រួមមាន ផ្នែកផលិតកាតុង ,ផ្នែកវេចខ្ចប់ ,ផ្នែកផលិតថ្នាំ ជាដេីម។ល។ ប៉ុន្តែវាស្ថិតនៅក្នុងរោងចក្រផលិតបារីចិននេះតែមួយប៉ុណ្ណោះ។

បណ្តាញផ្សព្វផ្សាយ CRT News យេីងបានធ្វើការទំនាក់ទំនងទៅ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ដែលលោកទេីបមកកាន់តណែងថ្មីៗ តាមប្រពន្ធទូរស័ព្ទ ដេីម្បីរាយការណ៍ពីសុខទុក្ទរបស់ប្រជាពលរដ្ឋ ក៏ដូចផលប៉ះពាល់ពីរោងចក្រផលិតបារីចិន នេះ ប៉ុន្តែយើងមិនអាចទំនាក់ទំនងបាន ពីព្រោះទូរស័ព្ទ ឯកឧត្តមត្រូវបានបិទ ។

អង្គភាពសារព័ត៌មាន CRT News យេីងបន្តសុំកិច្ចសម្ភាសន៍ ក៏ដូចជារាយការណ៍ជូន ឯកឧត្តម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តតាកែវ តាមប្រព័ន្ធតេឡេក្រាម ដោយ ឯកឧត្តម សូមអោយប្រជាពលរដ្ឋដែលរងនូវការប៉ះពាល់ពីសំណាក់រោងចក្រផលិតបារីចិននេះ មកដាក់ពាក្យបណ្តឹងនៅតុលាការ ដេីម្បី ឯកឧត្តម មានមូលដ្ឋានគ្រឹះក្នុងការមានចំណាត់ការជាមួយម្ចាស់ទីតាំងផលិតបារីចិននេះ ។ ជាទីបព្ចាប់ អង្គភាពសារព័ត៌មាន CRT News ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តតាកែវ ជាអនេកប្បការ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំណ្តឹង នៃស្រុកបាទី សុំសំណូមពរ ឯកឧត្តម វី សំណាង  អភិបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ និងចាត់មន្ត្រីជំនាញ ពាក់ព័ន្ធចុះទៅពិនិត្យចំពោះទីតាំងដែលផលិតបារីចិន ដែលសង្ស័យខុសប្រក្រតី និងការនាំចូលនៃថ្នាំជក់ពីក្រៅប្រទេស និងបណ្តាលឲ្យខូចខាតសុខភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងស្រាវជ្រាវរកប្រភពពិត តេីសារធាតុផ្សំចេញជាបារីថ្នាំជក់ចិននេះ ប្រភពនាំចូលពីប្រទេសឡាវ ឬប្រទេសណា? ឬខេត្តណាពិតប្រាកដ? តេីមានច្បាប់នាំចូលក្នុងប្រទេសកម្ពុជាយេីងត្រឹមត្រូវដែរឬទេ?

ប្រជាពលរដ្ឋក៏សូមសំណូមពរឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់ជំនាញនាយកដ្ឋានពាក់ព័ន្ធ ដែលចំណុះក្រសួង មកធ្វើការស៊ីបអង្គេត ពាក់ព័ន្ធករណីជនបរទេសមកធ្វើជំនួញ ក្នុងព្រះរាជាណាចក្រកម្ពុជា តេីជនជាតិខ្មែរឬក៏ជនបរទេស(ចិន)? ពីសំណាក់ម្ចាស់ទីតាំងរោងចក្រផលិតបារី ចិននិងបម្លែងធនធានសង្ស័យនាំចូលពីក្រៅប្រទេស ដែលសង្ស័យថាខុសប្រក្រតីនេះផងទាន !!!។

ប្រជាពលរដ្ឋនៃឃុំកណ្តឹង ស្រុកបាទី លោកមិនប្រឆាំងនិងតវ៉ា ចំពោះឈ្មួញមកអភិវឌ្ឍន៍ ឬមកវិនិយោគដាក់ទុន្ន នៅក្នុងទឹកដីនេះទេ ក៏ប៉ុន្តែសូមអភិវឌ្ឍន៍អោយប្រជាពលរដ្ឋលោកមានសុខុមាលភាព និងសុវត្ថិភាពផងដែរ ម្យ៉ាងវិញទៀតការបណ្តាក់ទុន
ពីសំណាក់អ្នកវិនិយោគបរទេសនានា មកក្នុងព្រះរាជាណាចក្រកម្ពុជា នៃយេីង ក្រោមការដឹកនាំសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺធ្វើអោយប្រជាពលរដ្ឋមានការងារធ្វេីក្នុងស្រុកច្រើន ជាជាងការធ្វើចំណាកស្រុកទៅក្រៅប្រទេសផងដែរ។

សូមរំលឹកផងដែរថា ÷កាលពីថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ លោក ហេង វុទ្ធី ជាអតីតនាយកទីចាត់ការផែនការវិនិយោគ ខេត្តតាកែវ រួមនិងបក្សពួក២នាក់ទៀត ដែលជាកូនចៅរបស់ខ្លួន គឺលោក ម៉ម វិចិត្រ និងម្នាក់ទៀត លោក យន់ សុធន់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាប់ខ្លួននិង ចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធនិងអំពើពុករលួយ ។

ពាក់ព័ន្ធទៅការចាប់ខ្លួន លោក ហេង វុទ្ធី ដែលជាអតីតនាយកទីចាត់ការផែនការវិនិយោគ ខេត្តតាកែវ គឺបុគ្គលរូបនេះជាប់ពាក់ព័ន្ធទៅនិងគម្រោងពុករលួយការម៉ៅការសាងសង់ក៏ដូចជា ÷ ស្ថាបនាផ្លូវជាតិ, ផ្លូវលំ
,ការសាងសង់អគារផ្សេងៗទូទាំងខេត្តតាកែវ ហើយក៏ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនាំចូលដោយខុសច្បាប់នូវទំនិញគេចពន្ធលួចពន្ធរដ្ឋ ពីសំណាក់ប្រទេសជិតខាង ដោយឆ្លងកាត់តាមច្រករបៀងនានានៃខេត្តតាកែវ ផងដែរ មួយវិញទៀតពាក់ព័ន្ធទៅនឹងអ្នកវិនិយោគទុន ដែលចង់មករកសុីក្នុងទឹកដីនៃខេត្តតាកែវ ត្រូវឆ្លងកាត់ លោក ហេង វុទ្ធី ដែលជាអតីតនាយកទីចាត់ការផែនការវិនិយោគ ខេត្តតាកែវ ជាមុនសិន ជាពិសេសរោងចក្រផលិតបារីចិន ដែលនាំចូលពីប្រភពខុសប្រក្រតី (គ្មានស្លាកយីហោ) ដែលជាអំណោយផលល្អ សំរាប់ឈ្មួញទុច្ចរិត សហការជាមួយមន្ដ្រីខិលខូចមួយចំនួន លួចពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកគ្នីគ្នានិងបក្សពួកធ្វើជាសេដ្ឋី យ៉ាងគគ្រឹកគគ្រេងទៅវិញ ។

យ៉ាងណាមិញមហាជន ក៏ដូចជាមជ្ឈដ្ឋានជាតិទូទៅ បាននាំគ្នាលើកឡើងថា÷ ប្រសិនបើសមត្ថភាព លោក ហេង វុទ្ធី ដែលជាអតីតនាយកទីចាត់ការផែនការវិនិយោគ ខេត្តតាកែវ រួមទាំង បក្សពួក០២នាក់ នេះ គឺមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ដែលអាចធ្វើការងារពុករលួយនេះទៅរួចនោះ គឺច្បាស់ជាមានអ្នកពាក់ព័ន្ធពុករលួយមួយចំនួនទៀត ដែលពាក់ព័ន្ធជាការងារនេះផងដែរ និងសូមអោយ ACU បន្តការស្រាវជ្រាវជាបន្តទៀត ហើយនេះគឺការបំបែក ឯកត្តកម្មមួយ នៃខេត្តតាកែវ ក្នុងចំណោម រាជធានី និងខេត្តផ្សេងៗ បន្ទាប់ពីការចាប់ខ្លួន លោក លី សាម៉េត ហៅ(គ្រូមា), លោក ដួង តារា ,លោក មួង ឃឹម , កន សុកាយ , លោក អ៊ុត ធី ។ ជាដើម។

បើយោងតាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ «បទរំលោភអំណាច» បានចែងថា÷ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ ១០ដប់លានរៀល។

បទល្មើសនេះត្រូវ ផ្តន្ទាទោស
ដាក់ពន្ធនាការចន្លោះពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព។

សូមបញ្ជាក់បន្ថែមទៀតថា ÷ ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំ
ដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺលោកមិនទុកទេ មន្ត្រីដែលខិលខូចមួយចំនួន មន្ត្រីដែលធ្វើបាបរាស្ត្រ មន្ត្រីដែល យកឈ្មោះបក្សធ្វើជាខែលដេីម្បីផលប្រយោជន៍របស់ខ្លួន ក្រុមគ្រួសារខ្លួន និងបក្សពួកខ្លួនឯង បំផ្លាញប្រយោជន៍ជាតិ លួចពន្ធរដ្ឋដែលជាចំណូលចូលជាតិនោះ៕

















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top