អ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

CRT News

 


ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។ កាន់តែជាពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង។


អ្នកនាំពាក្យរងរូបនេះ បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្កលក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ឈ្មុល រុលទៅមុខ ដោយបំពានគន្លងផ្លូវនោះឡើយ។


ទន្ទឹមនេះលោកក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  តាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចាចរណ៍»។ លោកបន្តថា ការរួមគ្នាគោរពច្បាប់ចរាចរណ៍គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្នុងស្មារតីការពារជីវិតដោយត្រូវពាក់មួកសុវត្ថិភាព និងត្រូវបើកក្នុងជំហរប្រុងប្រយ័ត្នជានិច្ច ប្រកាន់សុជីវធម៌យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។


បន្ថែមពីនោះទៀត លោកថ្លែងថា អ្នកបើកបរគួរចាប់អារម្មណ៍លើចំណុចសំខាន់ៗជាអាទិ៍៖

-ត្រូវប្រាកដថាយានយន្តរបស់លោកអ្នកដំណើរការប្រក្រតី

-មានការប្រុងប្រយ័ត្នចំពោះអ្នកបើកបរបញ្ច្រាសទិស មិនប្រកាន់ស្ដាំ 

-ត្រង់ចំណុចផ្លូវបំបែកជា៤ អក្សរT ផ្លូវកោង ចុះទួល លើស្ពាន 

-បន្ថែមការប្រុងប្រយ័ត្នពេលអាកាសធាតុមិនល្អ ផ្លូវរអិល ពេលមេឃភ្លៀង

-ចៀសវាងការបើកបរកៀក ទន្ទឹម ជិតគ្នា ឬជាក្រុមជាហ្វូង ជ្រែប្រដេញលេងសើចតាមដងផ្លូវ

-ពាក់ខ្សែរក្រវាត់សុវត្ថិភាពរាល់ពេលធ្វើដំណើរតាមប្រភេទយាននិងច្បាប់កំណត់

-កុំធ្វើដំណើរក្នុងសភាពអត់ងងុយខ្លាំង ហត់នឿយ អស់កម្លាំង  

-ជៀសវាងការរំខានក្នុងកំឡុងពេលបើកបរ ដូចជាការប្រើប្រាស់ទូរស័ព្ទ និងជជែកគ្នាលេងសើចប្រឡែងគ្នាបាត់បង់ម្ចាស់ការជាដើម

-គោរពឱ្យបានការប្រើល្បឿនដែលអាចគ្រប់គ្រងបាន(ទីប្រជុំជន ផ្សារ មុខវត្ត ចំណុចដែលមានការឆ្លងកាត់...)។


ក្រៅពីចំណុចទាំងនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរទាំងស្រវឹងជាដាច់ខាត។ ជារួមលោកកត់សម្គាល់ថា ក្នុងរយៈពេលនេះ អាចមានប្រជាពលរដ្ឋធ្វើដំណើរទៅមកស្រុកកំណើត បងប្អូនធ្វើដំណើរទៅវត្តអារាម ក្រុមយុវជនបើកបរជាក្រុមៗតាមដងផ្លូវទៅវត្តឬដើរលេង ជាពិសេសតាមផ្លូវដែលមានទីប្រជុំជន មានផ្សារ មានវត្តអារាម គឺសុទ្ធតែមានចរាចរណ៍មមាញឹក គប្បីបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top