ចាប់ខ្លួនបានហើយ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីផ្ទុះអាវុធ (កែច្នៃ) នៅកាស៉ីណូថ្មពេជ្រ ស្ថិតក្នុងស្រុកលើកដែក ចាប់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៦នាក់

CRT News


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានករណីផ្ទុះអាវុធ (កែច្នៃ) បណ្តាលឲ្យជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)។ 


ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវភ្លាមៗ។


បន្ទាប់ពីធ្វេីការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម៦នាក់ រួមមាន៖


ជនសង្ស័យទី១ ៖ ឈ្មោះ មាស អូន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។


ជនសង្ស័យទី២ ៖ ឈ្មោះ ង្វៀវ ចុងង្វៀវ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង។


ជនសង្ស័យទី៣ ៖ ឈ្មោះ ង្វៀវ ឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។


សូមបញ្ជាក់ថា ៖ ហេតុការណ៍បាញ់រះនៅក្នុងការសុីណូថ្មពេជ្រ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១២និង៤៤នាទី ថ្ងៃត្រង់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែក ខេត្តកណ្តាល ។ ដែលករណីនេះដែរ ត្រូវបានក្រុមជនសង្ស័យបានដកកាំភ្លើងកែច្នៃចំនួន២ដេីម បាញ់ទៅលើសន្តិសុខចំនួន៧គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះម្នាក់ ឈ្មោះ ចៅ រិន អាយុ៥២ឆ្នាំ អាស័យដ្ឋានភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាសន្តិសុខយាមទ្វារកាស៊ីណូ ត្រូវចំស្មាខាងធ្វេងចេញដាច់ស្បែកចេញឈាម ប៉ុន្តែមិនធ្ងន់ធ្ងរទេ បន្ទាប់មកក្រុមជនសង្ស័យបានគប់គ្រាប់បែកដៃ (ជាប្រភេទគ្រាប់បែកដែកកេះ) ចោលទៅក្នុងកាស៊ីណូថ្មពេជ្រ រួចគេចខ្លួនបាត់ស្រមោលតែម្តង។


រីឯចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ៖


១- សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់, ២- ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ , ៣- ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ , ៤-រថយន្តម៉ាក CAMRRY ពណ៌ទឹកប្រាក់ ស្លាកលេខ 2T-7080 ចំនួន១គ្រឿង ,៥- ម៉ូតូម៉ាក YAMAHA Exciter ពណ៌ទឹកប៊ិច ចំនួន២គ្រឿង, ៦- ស្លាកលេខវៀតណាមចំនួន ២ស្លាក (62-C1 224.19 ,59D2 267.64), ៧.មួកការពារសុវត្ថិភាពចំនួន ០៣ (មួកពណ៌ផ្កាឈូកចំនួន ០១ ,មួកពណ៌ស ចំនួន០២), ៨-មួកឆាងសាច់ក្រណាត់ពណ៌ខ្មៅចំនួន០១, ៩-អាវក្រៅដៃវែងមានមួក ពណ៌លឿង ក្រឡាការ៉ូចំនួន ០១, ១០.លិខិតឆ្លងដែន ឈ្មោះ MEAS AUN ចំនួន០១ ។


បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដេីម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកបក្សពួកជនសង្ស័យ៣នាក់ទៀតដែលគេចខ្លូន ត្រូវបានស្រាវជ្រាវបន្ត ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top