រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាចៅក្រុមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមាន លោក ហុក ពៅ ជាប្រធានក្រុមប្រឹក្សា លោក តុប ឈុនសុង លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា និងមានលោក ឆាយ ហុង ជាតំណាងអយ្យការ បានបើកសវនាការលើសំណុំរឿងក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលឋិតនៅកណ្តាលក្រុងសៀមរាប ហើយអ្នកទោសដែលពួកគេរំដោះនោះជាមេក្លោងឧក្រិដ្ឋជនជាតិចិន ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយជននេះជាអ្នកបញ្ជាឲ្យជួញដូរចេញពីក្នុងពន្ធនាគារថែមទៀតផងដែរ។
ដោយសារតែជនត្រូវចោទមានចំនួនច្រើនរហូតដល់១២នាក់ ហើយការសួរដេញដោលនូវចម្លើយពីក្រុមមជនត្រូវចោទច្រើនផងនិងមានខ្លះជាជនជាតិបរទេសផង ទើបធ្វើឱ្យដំណើការសវនាការមិនអាចបញ្ចប់បាន។
ដោយសារពេលវេលានេះ ទើបប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក ហុក ពៅ សម្រេចលើកយកសំណុំរឿងទៅបន្តនិតិវិធីនៅពេលក្រោយ ដោយជូនដំណឹងតាមមន្ត្រីពន្ធនាគារ។
សូមរំលឹកថា៖ ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ត្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀតផង។
ក្រោយមកកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងជំនាញពាក់ព័ន្ធ ក្រោមការដឹកនាំបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ដែលពេលនោះជាអគ្គស្នងការរង នគរបាលជាតិ ដោយមានការសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រុមឧក្រិដ្ឋជនចំនួន៧នាក់ថែមទៀត៕.