សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម

CRT News

ខេត្តព្រះសីហនុ ÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៣៖០០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមមាន÷ ទី១៖÷ ឈ្មោះ ZHANG HAO ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ទី២៖ឈ្មោះ WANG SHENG HOU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន និងទី៣៖ឈ្មោះ YANG OU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន។ 

ចំណែកវត្ថុតាងដកហូតបាន រួមមាន÷ រថយន្ដ៣គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ប្រភេទ380mm ចំនួន១០គ្រាប់ និងសំបកកន្ទុះចំនួន១គ្រាប់, ខ្នោះដៃចំនួន២, ផ្លាកលេខរថយន្ដ២គូ និងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top