ខេត្តបន្ទាយមានជ័យ÷ ស្ពានបាឡេបាក់ស្រុតចូលអូរ បណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញបើកឆ្លងកាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា÷ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រថយន្តធុនធំប្រភេទយីឌុបផ្លូវប្រាំបានដឹកស្រូវពេញឆ្លងកាត់ស្ពានបាឡេ បណ្តាលឱ្យបាក់ស្រុតចូលអូរតែសំណាងមិនក្រឡាប់ចាក់ស្រូវទឹកអូរនិងគ្មានរងគ្រោះ ។
លោកបានបញ្ជាក់ថា÷ ក្រោយស្ពានបាឡេ ដែលរថយន្តដឹកស្រូវបង្កអោយបាក់ចូលអូរប្រជាពលរដ្ឋនិងសិក្សានុសិស្សមិនអាចឆ្លងកាត់បានទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងកម្លាំងយោធាកងពលថ្មើជើងលេខ៥១បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្សនិងប្រជាពលរដ្ឋឆ្លងកាត់អូរ។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា÷ ក្រោយរថយន្តដឹកស្រូវដឹកលើសទម្ងន់បណ្តាលស្ពានបាឡេបាក់ស្រុតចូលអូរ ហើយម្ចាស់រថយន្តបានអោយកម្មករលីស្រូវចេញពីរថយន្តអស់ហើយត្រូវបានស្ទូចរថយន្តចេញពីស្ពានបាឡេដែលបាក់ស្រុតចូលអូរនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយអាជ្ញាធរបានសាងសង់ស្ពានបណ្តែតសម្រាប់ប្រជាពលរដ្ឋនិងសិក្សានុសិស្សឆ្លងកាត់ហើយម្ចាស់រថយន្តដឹកស្រូវដែលដឹកស្រូវលើសទ្ងន់បង្កបាក់ស្ពានខូចខាតត្រូវបានអោយចាក់ដីធ្វើផ្លូវឆ្លងកាត់សិន ហើយចំណុចស្ពានបាឡេបាក់ស្រុតចូលអូរគ្រោង និងកសាងស្ពានបេតុងឡើងវិញ ៕