តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនិកឯកជននៅស្រុកបាទី ក្រោយចាក់ថ្នាំខុសបច្ចេកទេសបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ ហើយយកសពទៅបោះចោល

CRT News

ខេត្តតាកែវ÷ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនីកឯកជនឈ្មោះ សុង ហាក់ម៉ារីណា ដែលមានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ ក្រោយចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ រួចយកទៅផ្លុងចោលនៅក្រោមដើមឈើ។


ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា ក្នុងសំណុំរឿងនេះស្ដ្រីជាប្រពន្ធឈ្មោះ ស៊ុន ហាក់ម៉ារីណា ត្រូវបានចោទប្រកាន់ពីបទ÷ « មនុស្សឃាតដោយអចេតនា » និងបុរសជាប្ដីឈ្មោះ ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទ÷ «ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល និងសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទសមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោស» ទាក់ទងនឹងជនរងគ្រោះ។


សូមរំលឹកថា÷ សាកសពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបញ្ជាក់ថា÷ សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top