សម្តេចតេជោ ហ៊ុន សែន រំលឹកពីការប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិករបស់អាស៊ាន

CRT News

រាជធានីភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកការប្រឹងប្រែងមួយចំនួនរបស់សម្តេច ដើម្បីឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិករបស់អាស៊ាន។

នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពេលរូបលោកដល់ពេលបញ្ចប់ការងារនៅកម្ពុជា។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារ បានជជែកលើការងារជាច្រើន ដែលបានប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងប្រទេសទីម័រឡេស្តេ។

ក្រៅពីរំលឹកដល់កិច្ចប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូត បានរំលឹកដល់កិច្ចប្រឹងប្រែងមួយចំនួន ដើម្បីជំរុញឱ្យប្រទេសសមាជិកអាស៊ានទទួលយកប្រទេសទីម័រឡេស្តេ ជាសមាជិករបស់អាស៊ាន។

លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់សម្តេចតេជោ ក្នុងការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិកអាស៊ាន៩ផ្សេងទៀត ដើម្បីឱ្យទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការសម្រេចចិត្តទៅបំពេញទស្សនកិច្ចរបស់នៅទីម័រឡេស្តេកាលពីឆ្នាំ២០១៦។ បំណងនៃដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងចំនួនពីរ ទីមួយជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទីពីរ ដើម្បីមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀត ពីវឌ្ឍនភាពទីម័រឡេស្តេ ដែលអាចចូលជាសមាជិកសហគមអាស៊ាន។

សម្ដេចតេជោ ក៏បានរំលឹកទៀតថា÷ សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេ រាល់ពេលកិច្ចប្រជុំនានា ជាពិសេសនៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សម្ដេច ក៏បានថ្លែងផងដែរ ពីការជួយជំរុញឱ្យទីម័ឡេស្តេ ចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។

សម្ដេចតេជោ បានរំលឹកទៀតថា ÷នៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេច បានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេ ចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់ វេទិកាទាំងអស់។ ថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីពន្លឿនដំណើរការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ មានសុទិដ្ឋិនិយមចំពោះការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។

សូមបញ្ជាក់ថា÷ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ ប្រទេសទីម័របានក្លាយទៅជាប្រទេសសមាជិកសង្កេតការណ៍របស់អាស៊ាននៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ តាមរយៈភាពជាសមាជិកសង្កេតការណ៍នេះ ប្រទេសទីម័រអាចចូលរួមរាល់កិច្ចប្រជុំរបស់អាស៊ាន៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top