សម្ដេចបវរធិបតី ដាក់ចេញវិធានការណែនាំ ៧ចំណុច ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦

CRT News

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។


ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណែនាំ ដូចជា៖


១- ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ត្រូវប្រារព្ធក្រោមប្រធានបទ «បរិយាបន្ន ពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។


២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូល ឱ្យបានយល់ដឹងអំពីទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២។


៣-គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំមីទ្ទីងអបអរសាទរ ពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយ ពិធីហែក្បួនយាត្រានៅតាមក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនអង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មជ្ឈមណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។


៤- ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំមីទ្ទីងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាពនៅថ្នាក់រាជធានី ខេត្តរៀងៗខ្លួន។


៥- គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ត្រូវរៀបចំ ពិធីប្រកួតកីឡាអបអរសាទរដំណាលគ្នាជាមួយទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២។


៦- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ ព្រមទាំងអាណាព្យាបាលរបស់ជនមានពិការភាពទាំងអស់ នៅទូទាំងប្រទេសត្រូវបង្កលក្ខណៈ ឱ្យជនមានពិការភាពបានចូលរួមសកម្មភាពនានា សំដៅអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២ ដូចជា កម្មវិធីមីទ្ទីង កម្មវិធីកីឡា កម្មវិធីចម្រៀង កម្មវិធីកម្សាន្ត និងការជួបជុំគ្នាជាដើម ក្នុងបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល។


៧- គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីស្វាគមន៍ និងអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top