តុលាការ ចេញដីកាឃុំខ្លួនស្ត្រី២នាក់ ដាក់ពន្ធនាគារ ដែលយកលុយ៣០ម៉ឺនដុល្លារឱ្យ មួង ឃីម និងគ្រូមា លី សាម៉េត រត់ការឱ្យកូនប្រុសធ្វើមន្ត្រីគយ នៅខេត្តបាត់ដំបង

CRT News

រាជធានីភ្នំពេញ÷ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០,០០០ដុល្លារ ទៅឱ្យ មួង ឃីម និងគ្រូមា លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ 


នេះបើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញសារព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។


តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនចំនួន២នាក់ គឺ ១.ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ ៥៤ឆ្នាំ និង២.ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ភេទស្រី អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត គឺ ១.ឈ្មោះ មួង ឃីម ភេទប្រុស អាយុ ៦១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ឋនាគារ) និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។


អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា÷ ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឆាយ សុវណ្ណារី បានពឹងពាក់ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ដោយបានយកប្រាក់ចំនួន ៣០០,០០០ដុល្លារ ទៅឱ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងឱ្យកូនប្រុសចូលធ្វើជាមន្ត្រីគយ។


បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឆាយ សុវណ្ណារី និងឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។


សូមបញ្ជាក់ថា÷ ស្រ្តីទាំង២នាក់ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនទៅតុលាការ ក្រោយយកលុយប្រមាណ ៣០ម៉ឺនដុល្លារទៅឱ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការឲ្យកូនប្រុស ក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top