សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញអភិបាលរារាជធានី/ខេត្ត ធ្វើការងារឱ្យសកម្ម ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីសម្រេចបានឆាប់រហ័ស

CRT News

រាជធានីភ្នំពេញ ៖ ថ្លែងពីទឹកដីខេត្តកំពង់ចាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញអភិបាលរាជធានី-ខេត្តចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី សម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស។


នាឱកាសប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និងការកម្សាន្ត តាមរយៈការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។


សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ «លើកិច្ចការនេះ ខ្ញុំស្នើឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី ក្នុងការរៀបចំក្រុង ទីប្រជុំជន សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ»។


លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រែក្លាយទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និងផែនការសកម្មភាពជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង និងមានភាតរភាពជាបងប្អូន៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top