រាជធានីភ្នំពេញ ÷កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួនពីរនាក់ពីបទឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ។
ជនសង្ស័យមានឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។ ជនសង្ស័យទាំង២ ត្រូវបានកម្លាំងនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិកក្នុងការផ្ដល់អត្តសញ្ញាណរបស់ខ្លួន បើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស អំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕