សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ បញ្ជូនទៅពន្ធនាគារ ក្រោយបំពានសារាចរណ៍ណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយល្បែងអនឡាញ

CRT News


រាជធានីភ្នំពេញ÷ មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ពន្ធធនាគារ ជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា÷ បន្តផ្សព្វផ្សាយល្បែងអនឡាញបំពានសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។


ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ, គណនី, ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។


ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី, គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។


គួរឱ្យកត់សម្គាល់ គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះច្រើន ដោយមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងទៀតខ្លាចនឹងចំណាត់ការរបស់ក្រសួងមហាផ្ទៃ៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top