តំណាងគណបក្សប្រយោជន៍ខ្មែរ និងតំណាងរណសិរ្សរំដោះជាតិខ្មែរ ប្រកាសផ្ដាច់ខ្លួនចេញពីចលនាប្រឆាំង និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
រាជធានីភ្នំពេញ៖ លោក សុខ គឹមរស្មី តំណាងស្ថានិកគណបក្សប្រយោជន៍ខ្មែរ និងរណសិរ្សរួបរួមជាតិខ្មែរ និងរណសិរ្សរំដោះជាតិខ្មែរ បានប្រកាសផ្ដាច់ខ្លួន និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូប្រកាសផ្ដាច់ខ្លួន លោក សុខ គឹមរស្មី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ សុខ គឹមរស្មី តំណាងស្ថានិកគណបក្សប្រយោជន៍ខ្មែរ និងរណសិរ្សរួបរួមជាតិខ្មែរ និងរណសិរ្សរំដោះជាតិខ្មែរ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសន្យាប្រមូលក្រុមរណស្សិទាំងអស់ ដើម្បីចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
បន្ថែមពីនេះ លោក សុខ គឹមរស្មី ក៏បានសន្យាកាត់ផ្ដាច់ចលនាទាំងឡាយដែលមានចេតនាញុះញង់ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ការប្រកាសផ្ដាច់ខ្លួនរបស់មេចលនាប្រឆាំងមួយទៀតបន្ថែមនេះ ស្របពេលដែលប៉ុន្មានកន្លងទៅ លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលកំពុងរស់នៅប្រទេសដាណឺម៉ាក ក៏បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕