រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់លោកស្រី នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។
ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។
សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកស្រី នាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។
លោកស្រីនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី និងគណៈប្រតិភូ។ លោកលោកស្រី ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។
ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការ នូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា នៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការ អនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិន និងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពជា ។
លោកស្រីនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះដែរ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិ របស់ទីម័រឡេស្ត នៅក្នុងឆ្នាំ២០២៥នេះ និងតួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា៕