សមត្ថកិច្ចចាប់ខ្លួនជនជាតិស្បែកខ្មៅ ២នាក់ ក្នុងចំណោម ៥នាក់ក្នុងករណីឆបោកប្រាក់ជាង ៧លានដុល្លារ

CRT News


រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិស្បែកខ្មៅចំនួន ២នាក់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រោយការឆបោកប្រាក់ប្រមាណជាង ៧លានដុល្លារ ពីជនរងគ្រោះ។

យោងតាមការឱ្យដឹងពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថា៖ពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារ តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយវាយបាននៅលេីទីផ្សារ។


ជាមួយគ្នានោះក្រុមជនសង្ស័យសន្យានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ ឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា៖ ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ៖ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្តជឿលង់ទៅលើជនក្រុមឆបោកទាំងស្រុង ដោយបានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន ២៥លានដុល្លារ គ្រាន់តែរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថា៖ ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអញ្ចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ ក្រោយមករយ:ពេល១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។


ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច)។


សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្តទៀត៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top