សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ២រូបដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

CRT News

 


សូមបញ្ជាក់ថា÷ ប្ដីប្រពន្ធពីខេត្តបន្ទាយមានជ័យ គឺជាជនរងគ្រោះពីកម្ពុជាចុងក្រោយ ដែលត្រូវបានរកឃើញស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ÷ជនរងគ្រោះជាប្តីមានឈ្មោះថា សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា÷ ក្រោយទទួលបានដំណឹងពីការរកឃើញនេះ ក្រសួងនិងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។

លោកបន្តថា៖ «ក្រៅពីការជួយសម្រួលរៀបចំឯកសារដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ការបន្តតាមដានលើសំណងចំពោះគ្រួសារសព ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដើម្បីជួយដល់បងប្អូនរងគ្រោះក្នុងនាមអាណាព្យាបាល»។

គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៤រូបបានស្លាប់ ខណៈពលរដ្ឋចំនួន២រូបផ្សេងទៀត បានរងរបួស។

លោក ស៊ុន មេសា លើកឡើងថា÷ ប្រមុខដឹកនាំកម្ពុជា គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ណាស់ចំពោះគ្រោះរញ្ជួយដីដែលកើតនៅប្រទេសថៃ ហើយក្រុមការងារអនុព័ន្ធការងាររបស់ក្រសួងបានទៅដល់ទីតាំង និងបន្តតាមដានឥតដាច់ ព្រមទាំងបន្តសម្របសម្រួលផ្សេងៗដូចជាឯកសារ និងតម្រូវការចាំបាច់ផ្សេងៗសម្រាប់ជួយពលក៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top