រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យអភិបាលខេត្តត្រៀមផែនការជម្លៀសពលរដ្ឋ ក្នុងករណីប៉ះទង្គិចដោយអាវុធជាមួយថៃ

CRT News

 


រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនព្រំដែនជាមួយថៃ ត្រៀមវិធានការជម្លៀសពលរដ្ឋរស់នៅតាមព្រំដែន និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញ ករណីមានការប៉ះទង្គិចគ្នាដោយអាវុធ នៅខ្សែបន្ទាត់ព្រំដែន។ នេះយោងតាមលិខិតជម្រាបទៅអភិបាលខេត្តជាប់ព្រំដែន ជាមួយថៃ របស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញផ្សាយនៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។ 


ក្នុងលិខិតដដែលនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ហាមប្រាម អភិបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារនានាជាមួយភាគីថៃដែរ។


ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប និងគ្រប់គ្រងសភាពការណ៍តានតឹងនៅព្រំដែនកម្ពុជា-ថៃ ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនថៃ ត្រូវត្រៀមវិធានការសម្រាប់ឆ្លើយតប និងគ្រប់គ្រងស្ថានភាពអាសន្ន ដែលអាចកើតឡើងជាយថាហេតុ។ លើសពីនេះ ត្រូវផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ តាមការចាំបាច់ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដីសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅកាន់អភិបាលខេត្តជាប់ព្រំដែនថៃបន្ថែម យ៉ាងដូច្នេះ៖ «ត្រូវត្រៀមរៀបចំ និងបម្រុងទុករួចជាមុននូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូលមកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំង ប្រដាប់អាវុធដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវរៀបចំទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី។ល។»។ 


អភិបាលខេត្តជាប់ព្រំដែនថៃ ត្រូវបែងចែកវេន ដល់ថ្នាក់ដឹកនាំមន្រ្តី និងកងកម្លាំងមានសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីតាមដានរាយការណ៍ និងគ្រប់គ្រងសភាពការណ៍ព្រំដែន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នាដែរ អភិបាលខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ។ នេះបើតាមការ ចង្អុលបង្ហាញរបស់ ឯកឧត្តម

៊ស សុខា ហើយបានដាក់បម្រាមបែបនេះ៖ «ត្រូវហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ»។ 


ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអភិបាលខេត្តត្រូវតែណែនាំដល់កងកម្លាំង មានសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបណ្ដោយព្រំដែនឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវ សកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលនៅតំបន់ព្រំដែន។ អភិបាលខេត្ត ក៏ត្រូវធ្វើការណែនាំដល់ កងកម្លាំងទាំងអស់រក្សាទំនាក់ទំនងជាមួយកងកម្លាំងនៃភាគីម្ខាងទៀត ក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធី និងការអត់ធ្មត់ឱ្យបានខ្ពស់បំផុត។ 


ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីណែនាំឱ្យ អភិបាលខេត្តស្នើសុំគោលការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំណោះស្រាយបានទាន់ពេលវេលា៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top