តាមប្រភពពត៌មានពីអាជីវករលក់ដូរនៅមជ្ឈមណ្ឌលបោះដុំខាងលើបានប្រាប់ថា៖ កាលពីឆ្នាំ២០២១ ភាគីម្ចាស់ដីបានជួលអោយជនជាតិវៀតណាមម្នាក់ដែលទទួលជួលដីឃ្លាំង រឺផ្ទះមិនទាន់សាងសង់រួចចំនួន៦ល្វែង និងបានកុងត្រាចំនួន១០ឆ្នាំ ។ កាលពីដំបូងឡើយទីតាំងខាងលើ ជាទីតាំងលក់គ្រឿងរថយន្តអស់រយៈពេលជាង២ឆ្នាំ បានសុំប្តូរដាក់លក់អីវ៉ាន់បោះដុំ ដោយមានអាជីវករលក់ដូរជាច្រើនផងដែរគឺលក់ដូរនៅពេលយប់ ។
ប្រភពដដែលបន្តទៀតថា៖ មួយរយៈថ្មីៗនេះមានដំណឹងមិនច្បាស់ការណ៍មួយថា៖ មានយឿត្រីមកដេញថ្លៃ អោយលើសពីតម្លៃដើម ទើបម្ចាស់ដីចង់បិទមិនអោយអាជីវករពួកគាត់លក់ដូរនៅទីតាំងមជ្ឈមណ្ឌលខាងលើ តែពួកគាត់មិនព្រមទេ ព្រោះពួកគាត់ជួលតពីជនជាតិវៀតណាមខាងលើ ។
លុះនៅវេលាម៉ោង០៤រសៀលថ្ងៃកើតហេតុខាងលើ មានកំលាំងខាងម្ចាស់ដីបានយករនាំងដែកមកដាក់បាំងមិនឲ្យអាជីវករលក់ដូរ ក៏ត្រូវបានក្រុមអាជីវករនាំគ្នាតវ៉ា មានកំលាំងនគរបាល និងអាជ្ញាធរចុះមកសំរបសំរួលអោយដករនាំងដែកចេញវិញ ដើម្បីអោយអាជីវករលក់ដូរបន្តសិន រង់ចាំការដោះស្រាយ ពីម្ចាស់ដី និងអ្នកជួល ។ នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃដដែលស្រាប់តែមានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿងបានយកមកចាក់នៅមុខទីតាំងនិងខាងក្នុងកន្លែងអាជីវករលក់ដូរសរុបចំនួន៥រថយន្ដ និងរថយន្តចំនួនបួនផ្សេងទៀត រៀបចំចាក់បន្ត ធ្វើអោយអាជីវករលក់ដូរនៅមជ្ឈមណ្ឌលបោះដុំនាំគ្នាតតាំងនិងម្ចាស់ដីខាងលើម្តងទៀត ។
បន្ទាប់ពីមានការតវ៉ា អាជ្ញាធរភូមិ សង្កាត់និងខណ្ឌ រួមទាំងកំលាំងសមត្ថកិច្ចគ្រប់ផ្នែកចុះមកអន្តរាគមន៍ភ្លាមៗ អោយយកគ្រឿងចក្រទៅកើបដីខ្សាច់ចេញពីកន្លែងកើតហេតុវិញភ្លាមៗ ដើម្បីអោយអាជីវករលក់ដូរបន្ត និងរង់ចាំភាគីម្ចាស់ដីនិងអ្នកជួលដោះស្រាយគ្នាសិន ។
ពាក់ព័ន្ធករណីខាងលើនេះដែរ បណ្តាញសារព័ត៌មានយើង មិនអាចសុំកិច្ចសម្ភាសពី លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ឬខាងអាជ្ញាធរពាក់ព័ន្ធបានឡើយ នាព្រឹកថ្ងៃអាទិត្យនេះ! ពត៌មានលម្អិតនឹងមានផ្សាយបន្ត៕