រាជធានីភ្នំពេញ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា ។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាជ រដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២៥ បានលើកឡើងថា៖ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឱ្យបានដាច់ខាត នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់យន្តការការទូត ការចរចា យន្តការតំបន់ អង្គការសហប្រជាជាតិ តុលាការអន្តរជាតិ និងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយឆន្ទៈយ៉ាងមោះមុត និងឥតងាករេ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាព ស្ថិរភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះ ។
អង្គសមាជប្រកាសថ្កោលទោស ចំពោះសកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ ការវាយប្រហារនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា ។
ផ្អែកលើហេតុផលខាងលើនេះ អង្គសមាជគាំទ្រពេញទំហឹង ចំពោះគោលជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃនោះ ទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ចប់បញ្ហានេះ ដោយសំឡេងអនុម័តជាឯកច្ឆ័ន្ទ ១៨២ លើ ១៨២ សំឡេង នៃសមាជិកចូលរួមទាំងអស់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។
អង្គសមាជ គាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា៖ «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង» ។
អង្គសមាជក៏បានសង្កត់ធ្ងន់ អំពីការថែរក្សាទំនាក់ទំនងជាប្រក្រតី និងល្អប្រសើររវាងប្រទេស និងប្រជាជនទាំងពីរ ហើយចៀសវាងការពង្រីកជម្លោះ ដែលនាំមកនូវអរិភាពរវាងប្រទេស និងប្រជាជនទាំងពីរ។ អង្គសមាជលើកទឹកចិត្តដល់រាជរដ្ឋាភិបាល បន្តប្រើប្រាស់ឱ្យអស់លទ្ធភាព នូវយន្តការទ្វេភាគី ដែលមានស្រាប់ រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។
អង្គសមាជថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងទ័ព កងនគរបាលជាតិ និងគ្រប់បណ្តាកងកម្លាំង ដែលឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។ អង្គសមាជក៏បាន បំផុសចលនាខឿនការពារជាតិរបស់ប្រជាជន តាមរយៈការផ្តល់ការគាំទ្រដោយស្ម័គ្រចិត្ត តាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ។
អង្គសមាជអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ទាំងក្នុង និងក្រៅប្រទេស រួបរួមជាធ្លុងមួយ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បីពង្រឹងខឿនការពារជាតិ និងដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលយកបញ្ហាព្រំដែន ជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន ៕