រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឆ្មក់ចុះបង្ក្រាប ទីតាំងហាងមួយកន្លែង យីហោ P8 ដោយបានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រីសរុប ១៣នាក់ និង ដក ហូត សម្ភារៈមួយចំនួនធំ ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកម្លាំងនគរបាលជំនាញ បានឲ្យដឹងថា៖ ទីតាំងភោជនីដ្ឋាន P8 ខាងលើនេះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា មានលួចបង្កប់នៅសេវា ផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវសើបអង្កេតសហការជាមួយ និងកម្លាំង នៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ ចុះទៅបង្រ្កាបជាក់ស្តែងតែម្តង ។
ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានចូលទៅឆែកតាមបន្ទប់ និងកញ្ចុះនីមួយៗហើយប្រមូលដកហូតបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ១៣នាក់ ក្នុងនោះស្រី៧នាក់ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំ ខ្លួនមនុស្សប្រុសស្រីទាំង១៣នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់៕