ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥
ខេត្តកណ្ដាល÷ ប្រជាពលរដ្ឋនៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯមខេត្តកណ្ដាល សុទ្ធតែបានឃើញនិងរិះគន់ចំពោះម្ចាស់សំណង់ដ៏រឹងមាំមួយកន្លែង ដែលបានសង់លយចូលផ្ទៃទន្លេមេគង្គ រាប់សិបម៉ែត្រ ដែលធ្វើឲ្យមើលទៅទាស់ភ្នែកជាពន់ពេក ។ ខណៈអាជ្ញាធរស្រុកល្វាឯមអះអាងថា ÷ សំណង់នោះមិនបានសុំច្បាប់ទេ! បើទោះបីជាអាជ្ញាធរបានទៅហាមឃាត់ច្រើនដងយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា ÷ ទីតាំងសំណង់ខាងលេីនេះ (សង់លយចូលផ្ទៃទន្លេមេគង្គ) ស្ថិតក្នុងភូមិកោះរះ ឃុំកោះរះ អាជ្ញាធរស្រុកល្វាឯម ខេត្តកណ្តាល។
សូមបញ្ជាក់ថា បន្ថែមទៀតថា÷ នៅរដូវទឹកឡេីងនេះ គេសង្កេតឃើញសំណង់នោះចាក់បេតុង លយចូលក្នុងទន្លេមេគង្គយ៉ាងវែង ។ បើតាមមើលទិដ្ឋភាពជាក់ស្ដែងគេរៀបចំវាជាកន្លែងកំសាន្តរបស់ម្ចាស់គេហដ្ឋាននោះ ដែលម្ចាស់ជាអ្នកមានទ្រព្យធនស្ដុកស្ដម្ភនៅរាជធានីភ្នំពេញ ។ ម្ចាស់សំណង់នេះមិនមែនមិនដឹងអំពីទង្វើរបស់ខ្លួនបំពានច្បាប់ប្រទេសនោះទេ! ប៉ុន្តែទំនងជាអាងអំណាច ឬខ្សែ និងជាអ្នកមានលុយស្តុកស្ដម្ភផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា ÷ម្ចាស់ទីតាំងបានព្យាយាមសង់សំណង់នេះម្ដងហើយ ម្ដងទៀត បើទោះបីជាវាបានបាក់ស្រុតចូលទន្លេម្ដងហើយម្ដងទៀត យ៉ាងណាក៏ ដោយ! ។ អ្នកភូមិខាងលើបាននិយាយថា÷ នៅកន្លែងនេះច្រាំងវាចោទខ្លាំងណាស់ ដូច្នេះនៅពេលគេសង់ចាក់បេតុងចូលគឺវាតែងតែបាក់ស្រុតចូលទន្លេ ច្រើនដងមកហើយប៉ុន្តែម្ចាស់គេនៅតែព្យាយាមចាក់បេតុងឲ្យបានរឹងមាំដើម្បីសង់លយចូលទន្លេម្ដងហើយម្ដងទៀត។
អ្នកភូមិនៅតំបន់នោះរិះគន់ត្រង់ៗចំពោះម្ចាស់សំណង់រឹងមាំ លយចូលទន្លេមេគង្គនេះថា÷ ជាអ្នកមានទ្រព្យធន់ឬជាអ្នកមានអំណាចប៉ុន្តែមិនគោរពច្បាប់ប្រទេសជាតិ។ គេនិយាយថា÷ ប្រជាពលរដ្ឋយើងក្រីក្រមិនហ៊ានធ្វើយ៉ាងដូច្នេះទេ ប៉ុន្តែសម្រាប់គេអ្នកមានលុយ,មានអំណាចគេចង់ធ្វើអ្វីក៏បានដែរ ។ បើប្រជាពលរដ្ឋយើងវិញធ្វើតែប៉ុណ្ណេះមុខជាសមត្ថកិច្ច គេចុះមកចាប់ផ្ដន្ទាទោសបាត់ទៅហើយ!!! ។
លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ថ្លែងប្រាប់អ្នកកាសែតឱ្យដឹងយ៉ាងដូច្នេះថា ÷ អាជ្ញាធរស្រុកបានចុះទៅហាមឃាត់ច្រើនដងមកហើយ ប៉ុន្តែគេមិនគោរពតាមច្បាប់។ លោកបានបន្តថា÷ សំណង់នោះគ្មានច្បាប់នោះទេគឺគ្មាននរណាអនុញ្ញាតច្បាប់ឲ្យឡើយ!។ ដូច្នេះហើយ អាជ្ញាធរបានចុះទៅហាមឃាត់ជាច្រើនលេីក ច្រើនសារមកហើយ ប៉ុន្តែម្ចាស់សំណង់ខាងលេីនេះ មិនព្រមសហការនោះឡើយ!។
មហាជន ក៏ដូចជា មជ្ឍដ្ឋានទូទៅ ក៏សូមសំណូមពរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នឹង ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាចាត់វិធានការ រួមនឹងមន្ត្រីជំនាញ ចុះពិនិត្យម្ចាស់ទីតាំង (សង់លយចូលទន្លេមេគង្គ)
ស្ថិតក្នុងភូមិកោះរះ ឃុំកោះរះ អាជ្ញាធរស្រុកល្វាឯម នេះផងទាន! កុំឲ្យវប្បធម៌នេះចេះតែកើនឡើង ចំពោះអ្នកមានលុយមួយចំនួន និងពលរដ្ឋតូចតាច!!!។
អង្គភាពព័ត៌មានយើង គ្រាន់តែរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ មានចេតនាញុះញង់ ឬដាក់សំពាធដល់បុគ្គលឬអង្គភាពណាមួយឡើយ។
អង្គភាពព័ត៌មានយើងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ តាមច្បាប់ស្តីពីរបបសារព័ត៌មាន៕ សូមអរគុណ